ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ស្ទើរតែ​ទាំងអស់

​គ​.​ជ​.​ប ក៏បាន​ប្រកាស​ពី​ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺមាន​ចំនួន ១១៥៦៥ នាក់ ដោយ​អវត្តមាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៧​នាក់ ហើយ​ក្នុងនោះ មាន​ក្រុមប្រឹក្សាឃុំ​ម្នាក់ បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ត្បូងឃ្មុំ ពេលធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​។​

​សូម​រម្លឹកថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​នេះ គឺ​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត មាន​ចំនួន ៥៥៩​នាក់ និង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុង ខណ្ឌ មាន​ចំនួន ៣៥៥៥​នាក់​។ បើតាម​លទ្ធផល​បឋម​នៃ​សំឡេងឆ្នោត ដែល​គ​.​ជ​.​ប បាន​ផ្សព្វផ្សាយ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​អាសនៈ​ទាំងអស់ នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ទូទាំងប្រទេស​។​

​យ៉ាងណាក៏ដោយ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នឹងត្រូវ​គ​.​ជ​.​ប ប្រកាស​យ៉ាងយូរ នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩។

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ មាន ៧​គណបក្ស បាន​ចូលរួម​ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។​

​ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ស្ទើរតែ​ទាំងអស់​។ រីឯ​គណបក្ស ៦ ផ្សេងទៀត ទទួលបាន​សំឡេង​តិចតួច ដោយនៅ​រាជធានី​ខេត្ត​ខ្លះ គណបក្ស​ខ្លះ មិន​ទទួលបាន​សូម្បី ១​សំឡេង​។ ក្នុងនោះ នៅ​ខេត្តបាត់ដំបង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​ច្រើន​បំផុត ត្រឹមតែ ៤២​សំឡេង ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៧៦២​សំឡេង និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ៩​សំឡេង​៕​