ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង រយៈពេលបីថ្ងៃ ដល់មន្រ្តីជំនាញស៊ើបអង្កេត និងមន្រ្តីអធិការកិច្ចម្ហូបអាហារ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ដល់មន្រ្តីជំនាញស៊ើបអង្កេត និងមន្រ្តីអធិការកិច្ចម្ហូបអាហារ ក្នុងគោលបំណងដើម្បីបង្កើនការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានលើកឡើងថា ការបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីជំនាញស៊ើបអង្កេត និងមន្រ្តីអធិការកិច្ចម្ហូបអាហារគឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តច្បាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព បច្ចុប្បន្ន។
ការរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់នេះ គឺចង់ឱ្យមន្រ្តីទាំងអស់យល់ច្បាស់អំពីខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តដែលអគ្គនាយកដ្ឋានបានរៀបចំកន្លងមក និងដើម្បីឱ្យមន្រ្តីទាំងអស់យកខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តទៅអនុវត្តច្បាប់ចំគោលដៅ និងធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានជំនឿចិត្តមកលើមន្រ្តីជំនាញស៊ើបអង្កេត និងមន្រ្តីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.ប.។

សូមរំលឹកដែរថា វគ្គបណ្ដុះបណ្ដាលនេះ ចែកចេញជាបីវគ្គ និងរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះផ្ដោតសំខាន់លើខ្លឹមសារច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ការអនុវត្តកិច្ចការហាឡាលកម្ពុជា និងទម្រង់នៃការដាក់ពាក្យបណ្ដឹង Complaint App របស់អគ្គនាយកដ្ឋាន ក.ប.ប.។