ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនប្រធានមន្ទីរកសិកម្មខេត្តកោះកុង យកប្រព័ន្ធតុលាការសម្រាប់ប្តឹងអ្នកកាសែត

ភ្នំពេញ៖ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកោះ​កុង បានយកប្រព័ន្ធតុលាការជាខែល​សម្រាប់ប្តឹងអ្នកកាសែត​ប្រសិនបើស្ថាប័ន​ណា​មួយរចុះផ្សាយជុំវិញរឿងរ៉ាវអាស្រូវ របស់លោកក្នុងតួនាទី​ជាប្រធានមន្ទីរកសិកម្ម​ខេត្តកោះកុង។

ដើម្បីទប់ស្កាត់កុំឲ្យអ្នកសារព័ត៌មានបន្តចុះផ្សាយរឿងអាស្រូវរបស់ខ្លួនតទៅទៀត ប្រ​ធាន​មន្ទីរកសិកម្មរូបនេះបានប្រើប្រាស់ក្បាច់ចុងក្រោយ គឺប្តឹងអ្នកកាសែតទៅ​តុលា​ការដើម្បីជាការព្រមាន កុំឲ្យចេះតែហ៊ាន។
ការប្រើប្រាស់ប្រព័ន្ធតុលាការ​​ក្នុងខេត្តកោះកុង ដែលជាទឹកដីរបស់លោកស្រាប់ ត្រូវបាន​ប្រភពព័ត៌មានពីខេត្តកោះកុងបង្ហើបឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩​នេះថាតើ​តុលាការខេត្តកោះកុងនឹងអនុវត្តន៍បែបនេះចំពោះអ្នកកាសែតដែលលោកប្រធានមន្ទីរកសិកម្មខេត្ត កោះកុងខាងលើនេះប្តឹងដែរឬទេ?

បើតាមខ្លឹមសារនៃពាក្យបណ្តឹងរបស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះ​កុង ដែលប្តឹងអ្នកសារព័ត៌មានក្នុងស្រុកជារឿងព្រហ្មទណ្ឌ ទាក់ទងនឹងការបរិហាកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ ដោយមិនប្រើប្រាស់ ច្បាប់ស្តីពីរបបសារព័ត៌​មាន​​នោះទេ។

ចេតនារបស់ប្រធានមន្ទីរកសិកម្មរូបនេះ គឺធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌​មានដែល​លោក​ប្តឹងនោះប្រឈមនឹងជាប់គុក ដើម្បីកុំឲ្យអ្នកសារព័ត៌មានផ្សេងទៀត ឈប់​ចុះ​ផ្សាយ​រឿង​អាស្រូវរបស់លោកក្នុងពេលបំពេញតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តនោះ។

សូមរំលឹកថារឿងរ៉ាវអាស្រូវមួយចំនួនដែលប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានត្រូវបណ្តាញសារព័ត៌មានធ្វើការចុះផ្សាយកន្លងមកដូចជា ផ្ទុះរឿងអាស្រូវបើកដៃឱ្យបក្សពួក​របស់ខ្លួនរំលោភយកទីតាំងដីរដ្ឋធ្វើអាជីវកម្មផ្សេងៗ និងយកទៅពុះឡូតិ៍លក់ស្ងាត់ៗ និង​រឿងយកឡានផ្ទាល់ខ្លួនដែលមានគេជិះម៉ាកដូចគ្នាដែរ ថ្លៃពី៥ទៅ៦ពាន់ដុល្លារ​លក់​ឱ្យ​មន្ទីរបំប៉ាងតម្លៃតាមអំពើចិត្ត។

ព្រមទាំងរឿងអាស្រូវផ្សេងៗទៀតជាច្រើន ហើយត្រូវបានអធិការកិច្ចរបស់​ក្រសួង​កសិកម្មបើកការស៊ើបអង្កេត និងបញ្ជាឱ្យធ្វើការបំភ្លឺជាលាយ​ល័ក្ខណ៍អក្សរនូវ​កំហុស​ឆ្គងរបស់ខ្លួនចំនួន១៦ចំណុចតាំងពីចុងឆ្នាំ២០១៨។ ឆ្លើយតបនឹងបិទប៉ោងរឿងរ៉ាវអាស្រូវរបស់ខ្លួន ប្រធានមន្ទីរកសិកម្មខេត្តកោះកុងរូបនេះ បានធ្វើសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗធ្វើការពន្យល់បកស្រាយ និងធ្វើការច្រាន​ចោលចំពោះបញ្ហាខាងលើនេះទៅវិញ។

សារព័ត៌មាន ដេលីខ្មែរនៅថ្ងៃទី២៧ខែឧសភានេះមិន​អាចធ្វើ​ការបកស្រាយពីលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកោះ​កុង បានទេ​ទាក់ទង​និងការគំរាបប្តឹងអ្នកកាសែតទៅ​តុលា​ការ បើសិន​​ហ៊ានចុះផ្សាយ​ពីរឿងរបស់ខ្លួន​នោះ​​។​