ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)ដែលជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ស្ថិតក្នុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះម៉ែត្រ។
ស្ពាននីមួយៗមានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លងកាត់សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។
ចំពោះផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ផ្លូវតភ្ជាប់ក្បាលស្ពាននេះនឹងត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេ ស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥, ១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុតកម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។
គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន២កន្លែងនៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាងចំនួន ៤កំណា ត់ ប្រវែងសរុប ១,៥៤១ម៉ែត្រដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន២ខ្សែរួមមានផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រនៅត្រើយខាងលិចនិងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ជាប្រភេទស្ពានដែលអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ចំនួន ២ ខ្សែទៅ ២ ខ្សែមក។
នៅថ្ងៃនេះសម្ដេចធិបតីបានមានប្រសាសន៍បញ្ជាឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។
តាមរយៈកំណើនហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានគឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។
សម្តេចបន្តថា គម្រោងសាងសង់ស្ពានពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាងគេនៅខេត្តក្រចេះ ពេលនេះកំពុងសិក្សាដើម្បីឈានទៅធ្វើការសាងសង់នាពេលខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។
សម្តេចធិបតីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។
បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិត្តចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ស្ពានរួចហើយ។ចិនគឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,…) នៅកម្ពុជា។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនាពេលខាងមុខ។
នៅថ្ងៃនេះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់និងកិត្តិយសកម្ពុជា តាមរយៈការផលិតវីដេអូចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។
សម្ដេចធិបតីក៏បានព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។
សម្ដេចធិបតីក៏បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិតថែមទៀត។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។ សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។
សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។ សម្ដេចធិបតីបានស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
សម្ដេចធិបតីបានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា រួមជាមួយនឹង លោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុចប៊ូតុង បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីពេលនេះតទៅ៕