កណ្តាល៖ ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហ៊ួត ជាក្រុមហ៊ុនដ៏ល្បីនៅក្នុងស្រុក កំពុងទន្ទ្រាន រំលោភយកដីបឹងវាលសំណាប ប្រមាណ ៧គីឡូម៉ែត្រការ៉េ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីសាងសង់សំណង់ រំលោភលើ អនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានកំណត់ ផ្ទៃបឹងវាលសំណាប ទំហំ៤ ៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ ខណៈដែលបច្ចុប្បន្ន សកម្មភាពឈូសឆាយ ទន្រ្ទានដីបឹងនេះ បានចាប់ផ្តើម កាយដីទប់ជាទំនប់ ដោយគ្រឿងចក្រជាច្រើនគ្រឿង និងដំណើរការប្រមាណជា ១៥% លើផ្ទៃដីដែលបានគ្រោងទុក ។
ការទប់ទំនប់ បឹងវាលសំណាប របស់ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហួត ទៅលើដីបឹងដ៏ធំ ស្ថិតក្នុងខេត្តកណ្តាល គឺជាការលុបបឹងដ៏មានសក្តានុពល ឬអាចនិយាយបានថា ជាបឹងទន្លេសាបទីពីរ ដែលជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សា ហើយការទន្ទ្រានលុបបឹងនេះ នឹងអាចបង្កឲ្យមានផល់ប៉ះពាល់ ដូចជាជំនន់លិចលង់ ដល់រាជធានីភ្នំពេញផងដែរ ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង នោះ បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះ កំពុងដាក់ដំណើរការគ្រឿងចក្រកាឈួសឆាយយកដីបឹង មកឡើងធ្វើជាទំនប់ ដែលប្រជាពលរដ្ឋ បានហៅថា ទំនប់ប៉េងហ៊ួត ចំនួន៣ទីតាំង ដែលតាមគម្រោង នឹងត្រូវធ្វើឡើងកម្ពស់ ៧ម៉ែត្រ និងមានប្រវែងទទឹក ៣០ម៉ែត្រ (អាចធ្វើជាផ្លូវ៣០ម៉ែត្រទៅថ្ងៃអនាគត) ហ៊ុព័ទ្ធលើផ្ទៃដី ៧គីឡូម៉ែត្រការ៉េ ហើយតាមគម្រោងនេះ ក្រោយការឈូសឆាយ លើកជាទំនប់រួចរាល់ នឹងធ្វើការបូមខ្សាច់ចាក់បំពេញ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភានេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយម ខេត្តកណ្តាល គាត់បានបញ្ជាក់ថា “តំបន់នេះ គេហៅថា តំបន់បឹងវាលសំណាប កន្លែងនេះស្ថិតនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ ថ្ងៃនេះយើងបានមកឃើញគ្រឿងចក្រ កាយនៅទីតាំងនេះ ប៉ុន្តែខ្ញុំមិនទាន់កំណត់ថា របស់ក្រុមហ៊ុនណាមួយនោះទេ ជាក់ស្តែង ខ្ញុំបានឃើញគ្រឿងចក្រ ប្រហែលជា ប្រមាណ អាអ៊ិច២គ្រឿង និងឡានបែនអីជាដើម ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាល យោងអនុក្រឹតពិតប្រាកដនេះហើយ យើងនឹងសុំគោលការណ៍ ទៅឯកឧត្តម អភិបាលខេត្ត ទៅឯកឧត្តមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍បោះបង្គោល កំណត់បឹង ព្រោះយើងមានអនុក្រឹតរួចហើយ ៤ ៨១៥ ដូច្នេះសុំគោលការណ៍ បោះបង្គោល ដើម្បីកំណត់ឲ្យបានច្បាស់លាស់ រក្សាទុក ៤ ៨១៥ ហិកតានេះ” ។
លោក អ៊ុក វណ្ណា បានបញ្ជាក់ថា “បឹងនេះ ពីមុនជាអាងស្តុកទឹកមួយ ទឹកជំនន់នៅរដូវវស្សា ទឹកជំនន់ នៅវាលបឹងទាំងអស់នេះ គឺស្តុកទឹកបាន រាប់សិបលានកោដម៉ែត្រគូប មិនមែនត្រឹមចំណុចនេះទេ និយាយទៅ ពេញផ្ទៃទំនាបទាំងអស់ គឺកំណត់ផ្ទៃទឹកធំធេងណាស់ ដើម្បីជួយរំដោះសម្រួលទឹកជំនន់ នៅរដូវវស្សា ។
កន្លងមកលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការទិញលក់ដីនោះ ពុំស្របច្បាប់នោះទេ ពោលគឺក្រុមឈ្មួញ និងប្រជាពលរដ្ឋធ្វើការទិញលក់ ដោយខ្លួនឯងតែប៉ុណ្ណោះ ហើយការទិញលក់នោះ ជាទង្វើខុសច្បាប់ ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញអនុក្រឹត្យមួយ កំណត់ផ្ទៃបឹងវាលសំណាប ទំហំ៤៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យោងតាមច្បាប់ ស្ដីពីជលផល ឆ្នាំ២០០៦ ត្រង់មាត្រា២៥ បានចែងថា “ការធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹកនិងអាងធម្មជាតិ ឬការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំឬការសាងសង់សំណង់ថ្មីនានា ឬការបូមទឹក ដែលបង្កមហន្តរាយដល់ ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ៕
ពាក់ព័ន្ធនឹងករណីខាងលើនេះសារព័ត៌មានដេលីខ្មែរ មិនអាចទាក់ទងសុំការបំភ្លឺ ពីក្រុមហ៊ុន បុរីប៉េង ហួត បានទេ៕
