ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រកាសថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលក្រុងកំពត និងមន្ត្រីជំនាញ ដែលបានចុះសិក្សាស្រាវជ្រាវ គ្រប់ផ្នែកពាក់ព័ន្ធ បង្ហាញថា ដីសមុទ្រ ទំហំ ៤៥,៦១៤ ហិកតានោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ១២គ្រួសារ ដែលជាអ៊ូបង្គា។
នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋទាំងនោះ បានដាក់សំណើ តាមរយៈអាជ្ញាធរសង្កាត់ ក្រុង និងខេត្ត ចូលទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ដូច្នេះ ប្រជាពលរដ្ឋទាំង ១២គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ លើដីសមុទ្រទាំងនោះ ចាប់ពីតាំងពីឆ្នាំ២០០៨ រហូតមក។
ជាមួយនឹងការប្រកាសពីភាពស្របច្បាប់លើដីឆ្នេរសមុទ្រ ជាកម្មសិទ្ធិឯកជននោះ អភិបាលខេត្តកំពត លោក ជាវ តាយ ដែលជាថៅកែភោជនីយដ្ឋាន និងសណ្ឋាគារ “ឈូកទិព្វ និងឡាក់គី ស្តារ” នៅជិតអាងទឹក ស្តាតអូរឡាំពិក ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ម្ចាស់កម្មសិទ្ធិលើដីសមុទ្រទាំងនោះ បានបោះបង្គោលកំណត់ព្រំទឹក និងព្រំដី ដើម្បីឱ្យជំនាញ ចុះទៅកំណត់តាមប័ណ្ណ មុននឹងចាប់ផ្តើមអភិវឌ្ឍជាមណ្ឌលទេសចរណ៍ធម្មជាតិ ឬទេសចរណ៍កែច្នៃ៕

