លោក កៅ ថាច អគ្គនាយកនៃធនាគារនិងសហការីនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាព និងការចញ្ចឹមមាន់ស្រែរបស់សហគមន៍កសិកម្មតាសីសាមគ្គី ក្រោមគំរោងផ្តល់ហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពនៅកម្ពុជា។
ប្រធានសហគមន៍បានអោយដឹងថា បច្ចុប្បន្ននេះ លោកមានសមាជិក៨៩ គ្រួសារ ហើយមានផ្ទៃដីបង្ករបង្កើនផលចំនួន៣០ ហិកតា ហើយផលិតផលបន្លែដាំដុះបានសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅជុំវិញបាត់ដំបង។
ទន្ទឹមនេះសហគមន៍លោកបង្ហាញពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែនៅមានកំរិត និងបញ្ហាតំលៃនៅលើទីផ្សារមិនទៀងទាត់ និងបញ្ហាតំរូវការឥណទានបន្ថែមដើម្បីពង្រីកការដាំដុះ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបាន ស្នើអោយសហគមន៍ធ្វើកិច្ចសន្យាអោយបានច្បាស់ លស់ជាមួយក្រុមហ៊ុនទទួលទិញបន្លែ ហើយធ្វើការដាំដុះបន្លែដោយមានកាលវិភាគច្បាស់លាស់ និងតាមតំរូវការទីផ្សារ។
លោកមានប្រសាសន៍ថា ចំពោះតំរូវការឥណទានដើម្បីពង្រីការដាំដុះ និងចញ្ចឹមមាន់ស្រែបន្ថែមខាងធនាគារបានស្នើអោយសហ គមន៍រៀបចំឯកសារដាក់មកធនាគារអភិវឌ្ឍន៍ជនបទនឹងពិនិត្យមើលលទ្ធភាពក្នុងការទំលាក់ឥណទានជនដល់សហគមន៍។
បន្ថែមលើនេះ លោក កៅ ថាច ស្នើសុំអោយសហគមន៍ត្រូវគោរពស្តង់ដារក្នុងការដាំដុះបន្លែសុវត្ថភាពដោយមិនត្រូវប្រើប្រាស់ជីគីមី ហួសហេតុពេកព្រោះនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ទន្ទឹមនេះសហគមន៍ត្រូវធ្វើការពង្រីកផ្ទៃដីដដុះបន្ថែមទៀត និងពង្រីកសមាជិកភាពសហគមន៍អោយបានច្រើន ព្រោះការណ៍នេះនឹងបង្កើតការងារអោយប្រជាជននៅមូលដ្ឋាននិងកាត់បន្ថយការចំណាក់ស្រុករបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ដោយឡែកបញ្ហាទីផ្សារបន្លែធនាគារនឹងជួយស្វែងរកនិងផ្សារភ្ជាប់ពីសហគមន៍ទៅកាន់ក្រុមហ៊ុនទទួលទិញបន្លែ។ បន្ទាប់ពីចុះពិនិត្យមើលសហគមន៍កសិកម្មតាសីសមគ្គីស្រុកថ្មគោលរួចមក លោក កៅ ថាច និងសហការីបានបន្តចុះជួបក្រុមកសិករផលិតបន្លែសុវត្ថិភាពចែងមានជ័យរស្មីកន្ទឺ១ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ផងដែរ។





