ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩នេះលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមអប់រំចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កិច្ចសហការស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងរយៈពេល០៥ឆ្នាំ។

លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា គោលបំណងនៃពិធីចុះហត្ថលេខានេះ ដើម្បីបង្កើតកម្មវីធីផ្លាស់ប្តូរកម្មសិក្សារវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតកម្មវិធីរោងជាងមហាវិទ្យាល័យតាមជំនាញជាដើម ពិសេសសម្រាប់ការផ្លាស់ប្តូរអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធនូវការចូលរួមចំណែកអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរីកមានការរីកចម្រើន។

លោក Zhao Juli តំណាងឲ្យគ្រឹះស្ថានសិក្សានៃប្រទេសចិន បានឲ្យដឹងថា ចាប់ពីប្រទេសចិនធ្វើកំណែទម្រង់មកការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានផ្តល់ការទ្រទ្រង់សតិបញ្ញា និងធនធានមនុស្សដ៏មានសក្តានុពលលើសេដ្ឋកិច្ចនិងសង្គម។ លោកបន្តថា បច្ចុប្បន ចិនបានកសាងប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទ្រង់ទ្រាយធំលើពិភពលោក បម្រើឲ្យកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការរីកចម្រើននៃសង្គម ហើយកសាងមូលដ្ឋានការងារល្អ និងលក្ខខណ្ឌចាំបាច់នៅសម័យបច្ចុប្បន្ន។

សូមបញ្ជាក់ថា  ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូចិន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រព័ន្ធអប់រំវិជ្ជាជីវៈកម្ពុជា និងគោលនយោបាយនៃនិន្នាការអភិវឌ្ឍន៍របស់កម្ពុជាធ្វើឲ្យស៊ីជម្រៅនូវភាពចាំបាច់នៃកិច្ចសហការណ៍នៃប្រទេសទាំងពីរ រវាងស្ថាប័ន និងស្ថាប័ន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងអប់រំនៅក្រៅប្រទេសដើម្បីបង្កើតវេទិកាសម្រាប់គ្រឹះស្ថានវិជ្ជាជីវៈឆ្ពោះទៅមុខដើម្បីទៅសកលលោក៕