ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ អាចនឹងប្រមូលដើមទុន ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍គម្រោងវិនិយោគរួមគ្នា

ភ្នំពេញ៖ លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) បានលើកឡើងនៅក្នុងសិក្សាសាលាស្តីពី ការត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនយោគ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះថា ពាក់ព័ន្ធអ្នករកស៊ីក្នុងវិស័យអចលទ្រព្យ ម្ចាស់វិនិយោគអាចមានដើមទុនផ្ទាល់ខ្លួនរបស់ពួកគេ។

ប៉ុន្តែក្នុងករណីពួកគាត់ត្រូវការដើមទុនវិនិយោគបន្ថែម ភាគច្រើនរកកម្ចីពីធនាគារ ឬការដូរដៃគូរសហការវិនិយោគ។ សម្រាប់បញ្ហានេះចំពោះវិស័យមូលបត្រវិញ ក៍អាចឲ្យអ្នករកស៊ីទទួលទានក្នុងវិស័យអចលនទ្រព្យ មានរកដើមទុនវិនយោគបានផងដែរ តែត្រូវគោរពតាមបទប្បញ្ញាត្តិជាធរមានក្នុងវិស័យមូលបត្រ ។

លោកសុជាតិ បន្តថា ជុំវិញបញ្ហានេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនចំនួន៤ នឹងទទួលបានការអនុញ្ញត្តិជាគោលការណ៍ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបង្កើតជាគម្រោងវិនិយោគរួម ក្នុងនោះមានក្រុមហ៊ុនផ្នែកវិស័យអចលទ្រព្យផងដែរ ដែលអាចរួមសហការ ដើម្បីប្រមូលដើមទុនពីសាធារណជន សម្រាប់ការវិនិយោគរួម ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍រួមគ្នា ក្នុងការឈានឆ្ពោះទៅរកការអភិវឌ្ឍន៍គម្រោងវិស័យអចលនទ្រព្យធំៗ។

លោក ខាត់ បូរ៉ា អគ្គនាយកសាលាអចលនទ្រព្យកម្ពុជា លើកឡើងថា ពាថ្មីៗនេះ រាជរដ្ឋាភិបាលទើបអនុញ្ញាត្តិជាគោលការណ៍ស្តីពី គម្រោងវិនិយោគរួម ដែលជាគម្រោងថ្មីមួយ អាចធ្វើឲ្យក្រុមហ៊ុន ដែលទទួលអាជ្ញារប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា អាចប្រមូលដើមទុនពីសាធារណជនស្របច្បាប់ មកវិនយោគវិស័យអចលនទ្រព្យរួមគ្នាបាន តាមរយៈនៃការវិនិយោគនៅក្នុងវិស័យមូលបត្រ ដូច្នេះសិក្ខាសាលាថ្ងៃនេះមានសារសំខាន់ណាស់ ដើម្បីបង្ហាញអំពីគោលការណ៍ថ្មីនេះ ក្នុងនោះមានវិក្មិនចូលរួមល្បីៗផងដែរ ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ស្តីពីការវិនិយោគលើវិស័យអចលនទ្រព្យឲ្យកាន់តែទូលាយ។

សូមបញ្ជាក់ថា គម្រោងវិនិយោគរួម គឺជាការប្រមូលដើមទុនពីសាធារណជនដោយស្របច្បាប់ ក្នុងនោះសាធារណជនអាចចូលរួមវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានអាជ្ញារប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា ចំណែកការវិនិយោគរួមគ្នា ពេលដែលទទួលបានជោគជ័យ ការបែងចែកភាគលាភ នឹងអនុវត្តន៍ទៅតាមដើនទុនដែលបានដាក់វិនិយោគ ប៉ុន្តែក្នុងករណីការវិនិយោគរួម មានការខាតបង់ សាធារណជនដែលបានចូលទុនវិនិយោគរួមគ្នានោះ ក៏ទទួលការខាត់បងដូចគ្នាផងដែរ ៕