(ភ្នំពេញ)៖ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិក សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល (US Agency for Global Media) នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានស្នើសុំបើកការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA ) ជាខេមរភាសា ប្រចាំនៅប្រទេសកម្ពុជាឡើងវិញ។
ការស្នើសុំបើកការិយាល័យនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ ធ្លាប់បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសថាវិទ្យុសំឡេងសហរដ្ឋអាមេរិក ត្រូវគោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន មុននឹងបើកស្នាក់ការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ដូច្នេះ ក្នុងលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ផ្ញើជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងទំនាក់ទំនងអន្តរជាតិ ស្តីពីនីតិវីធីនៃការបើកដំណើរការឡើងវិញ នូវស្នាក់ការរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវីទ្យុអាស៊ីសេរី (RFA)៕
