ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​-​ជប៉ុន បានចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗចំនួនពីរ

ភ្នំពេញ៖  នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកហ្សិ​ន​សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា លើ​លិខិត​ផ្លាស់ប្តូរ​សារ​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន ២ រួមមាន​៖

១-​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែលមាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ប្រមាណ ១.៨ លាន​ដុល្លារ​អាមេរិក​)

២- ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលមាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក ដែល​ចុះហត្ថលេខា​រវាងលោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាមួយ​លោកអ៊ឹង រចនា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ការងា​រ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០១៩​។ វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​លើ​​ទឹកដី​ជប៉ុន គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជិតស្និទ្ធ​ជាមួយ​មិត្ត​ជប៉ុន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​អរគុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន ដែល​តែង​តែ​ចូលរួម​ជួយ​ដល់​ការកសាង​ប្រទេស​កម្ពុជា​។ អរគុណ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ទាំងអស់ ដែល​កំពុង​វិនិយោគ​ផ្តល់​ការងារ​រាប់ម៉ឺន​ដល់​ពលរដ្ឋ​ខ្មែរ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា “​ខ្ញុំ​សូម​អរគុណ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ផ្តល់នូវ​ទំនុកចិត្ត​និង​គាំទ្រ​ចំពោះ​រូបខ្ញុំ ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង អោយ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕​