ភ្នំពេញ: លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដោយរៀងរាល់ខែ មន្ត្រីដែលមានជីវភាពខ្វះខាតប្រមាណជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ។
ការលើកឡើងរបស់ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចែកអំណោយជាអង្ករ និងត្រី ខ កំប៉ុង ដល់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាតជិត ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ក្រៅពីការផ្តល់ជាស្បៀងអាហារប្រចាំខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ក្រសួងព័ត៌មាន ក៏បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្រ្តីរាជការ ទាំងអស់រួមទាំងអ្នកសារព័ត៌មានផងដែរ។
ជាជំហានបន្តទៅមុខទៀត ក្រសួងព័ត៌មាន ក៏កំពុងត្រៀមរៀបចំបង្កើតជាទារកដ្ឋាន សម្រាប់អោយមន្រ្តីជាស្រ្តី មានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀតផងដែរ។
លោក នេត្រ ភក្ត្រា បានសំដែងនូវការអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ដែលកន្លងមកបានខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើដល់វិស័យព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើន ។
ដើម្បីជាការតបស្នងចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យព័ត៌មាន បន្ថែមលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ពីការគិតគូរពីសុខទុក្ខ និងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជន និងសប្បុរសជននានា ដើម្បីទទួលបានជំនួយផ្សេងៗ យកមកជួយសម្រាលបន្ទុករបស់មន្ត្រីដែលមានជីវភាពខ្វះខាត ៕
អត្ថបទ៖ ទទក, ផ្សាយដោយ៖ កន ចំណាន