ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន បានថ្លែង ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានថា «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»ហើយការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។
រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសាររបស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងក៏បានផ្តល់ការឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ ៣០០ នាក់ក្នុងមួយខែៗ។
បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕
រូបថត៖ ឡុង ដេវីត