ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកា និងពានរង្វាន់សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសហគ្រាស ដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ាន ក៏ដូចជាទាក់ទាញការវិនិយោគជាសាកល។
ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) រួមទាំង លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ប្រធានគណៈកម្មការរៀបចំកម្មវិធី មានសេចក្ដីសោមនស្សជាក្រៃលែង ក្នុងការប្រកាសវេទិកានិងពានរង្វាន់សហគ្រិនអាស៊ានដែលជាវេទិកាកំពូលមួយ ដែលបានសន្យាថា នឹងជំរុញការអភិឌ្ឍសមត្ថភាពនិងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែសីហាខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយរដ្ឋមន្ត្រីជាច្រើនរូប ដូចជា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី , រដ្ឋមន្រ្តីក្រសួងទេសចរណ៍ , រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៧ ខែកក្កដាកន្លងទៅ លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា បានលើកឡើងថា វេទិកានេះនឹងដើរតួជាកាតាលីករក្នុងការគាំទ្រគោលនយោបាយអាស៊ាន-អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឱបក្រសោប និងលើកតម្កើងសក្ដានុពលនៃអាជីវកម្មដែលដឹកនាំដោយស្ត្រីលើគ្រប់វិស័យ ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។ AWEN Award Night គឺជាកេរ្តិ៍ដំណែលដ៏គួរឲ្យជាមោទនរបស់បណ្ដាញសហគ្រិនស្រី្តអាស៊ាន (AWEN) ដែលជាការជំរុញទំនាក់ទំនង បញ្ឆេះនូវមហិច្ឆតា និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យកើនឡើងដល់កម្រិតមួយទៀត។
ក្នុងនាមជាប្រធាន AWEN លោកជំទាវបណ្ឌិត អេង លីគង់ សន្យាថា នឹងលើមុខមាត់ប្រទេសកម្ពុជាទៅប្រទេសសមាជិកអាស៊ាន និងពិភពលោក។ គំនិតផ្តួចផ្តើម លើកមុខមាត់នេះ មានជាការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា។ លោកជំទាវបន្ថែមថា ការលើកមុខមាត់ប្រទេសកម្ពុជា ក៏ត្រូវបាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា ផ្ដួចផ្ដើមធ្វើដែរ ខណៈដែលលោកបានព្យាយាមអស់ពីសមត្ថភាពក្នុងការលើកមុខមាត់កម្ពុជាទៅឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកជំទាវបណ្ឌិត អេង លីគង់ បានគូសបញ្ជាក់ថា បេសកកម្មរបស់បណ្ដាញសហគ្រិនស្រ្តីអាស៊ាន (AWEN) គឺដើម្បីបង្កើតបរិយាកាសគាំទ្រនិងការរួមបញ្ចូលអាជីវកម្មដែលដឹកនាំដោយស្ត្រីឆ្ពោះទៅកាន់ភាពរីកចម្រើន។ ជាមួយគ្នានេះ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) មានគោលដៅជំរុញភាពរស់រវើកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ ក្រោមកិត្តិយសនៃការរៀបចំព្រឹត្តិការណ៍នេះឡើង លោកជំទាវប្តេជ្ញាបង្កើតកេរដំណែលនិងការងារដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រីទាំងអស់នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។ ហើយនេះ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងវឌ្ឍនៈភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ។
តាមគណៈកម្មាធិការរៀបចំកម្មវិធី ផ្ទុយពីការប្រឈមនឹងបញ្ហាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បណ្ដាញសហគ្រិនស្ដ្រីអាស៊ានរបស់ប្រទេសផ្សេងទៀត កម្ពុជាបានបង្ហាញពីឆន្ទៈ និងការរួបរួមដ៏អស្ចារ្យ។ ជាជាងការប្រកួតប្រជែង បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន និងបណ្ដាញសហគ្រិនស្ដ្រីកម្ពុជា បានប្ដេជ្ញាទៅលើការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងបង្រួបបង្រួមស្រី្តឱ្យស្ថិតក្រោមឆន្ទៈ និងស្មារតីតែមួយដើម្បីរៀបចំព្រឹត្តិការណ៍នេះ៕