ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។
ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សូមជម្រាបជូនថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា៕