ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។ហេតុនេះ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយទៅលើចំណុចមួយចំនួន ដូចខាងក្រោម៖
* លិខិតុបករណ៍អន្តរជាតិ និងយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)
១. កម្ពុជាបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន ៨ ក្នុងចំណោម ៩ រួមទាំងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុង ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។
២. ការដាក់ និងការចូលរួមពិនិត្យរបាយការណ៍តាមសន្ធិសញ្ញា ធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែបស្ថាបនា ហើយរាល់អនុសាសន៍ដែលផ្តល់ដោយគណៈកម្មាធិការទទួលបន្ទុកតាមសន្ធិសញ្ញា តែងត្រូវបានយកចិត្តទុកដាក់អនុវត្តដោយផ្អែកលើបរិបទ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៣ កាលពីឆ្នាំ២០១៩ កម្ពុជាបានសម្រេចកត់សម្គាល់អនុសាសន៍ចំនួន ២៥ របស់ប្រទេសមួយចំនួនតូច និងបានទទួលយកអនុសាសន៍ចំនួន ១៧៣ ដែលជាចំនួនមួយដ៏ច្រើនលើសលប់។ អនុសាសន៍ចំនួន ២៥ ដែលត្រូវបានកត់សម្គាល់ ដោយសារមានចរិតនយោបាយ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំងមិនឆ្លុះបញ្ចាំងពីតថភាពក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមានសិទ្ធិពេញលេញក្នុងការធ្វើការកត់សម្គាល់ ក្នុងនាមជារដ្ឋអធិបតេយ្យ។
* ការបោះឆ្នោត
៣. ការបោះឆ្នោតនៅកម្ពុជា ត្រូវបានរៀបចំឡើងជាទៀតទាត់តាមការកំណត់នៃច្បាប់ ហើយតែងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដំណើរការរៀបចំការបោះឆ្នោតត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ហើយរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោតត្រូវបានបង្ហោះជាសាធារណៈនៅតាមបណ្តាញផ្សេងៗ។
៤. ជាក់ស្តែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សសរុប ចំនួន ១៨ បានចូលរួមប្រកួតប្រជែងក្រោមបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតអត្រាខ្ពស់រហូតដល់ជាង៨៤% និងមានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២នាក់ តំណាងឱ្យ៦៥ជាតិសាសាន៍ មកពី៦១ស្ថាប័ន ព្រមទាំងភ្នាក់ងារគណបក្សនយោបាយជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ប្រមាណ៩ម៉ឺននាក់។ ការរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានប្រព្រឹត្ត ទៅដោយរលូន និងក្នុងបរិយាកាសស្ងប់ស្ងាត់ផងដែរ ដោយមានអង្គបោះឆ្នោតចូលរួមរហូតដល់៩៩,៨៦%។
* លម្ហពលរដ្ឋ និងនយោបាយ និងភាគីពាក់ព័ន្ធ
៥. ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការប្រើប្រាស់សិទ្ធិសេរីភាពទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែនដែលច្បាប់បានកំណត់ ដូចមានចែងក្នុងមាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩ (៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជាដើម។ វិធានការលើសកម្មជនបរិស្ថានមួយចំនួនថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការធ្វើសកម្មភាពក្នុងការការពារសិទ្ធិមនុស្ស និងបរិស្ថានរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសតាមរយៈការផ្សព្វផ្សាយ ប្រតិដ្ឋព័ត៌មាន និងទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឱ្យមហាជនក្រោកតវ៉ាប្រឆាំង និងប្រព្រឹត្តអំពើហិង្សាផ្សេងៗ រួមទាំងការប្រមាថធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ តាមរយៈការប្រើពាក្យប្រមាថ និងការធ្វើគំនូរ ថ្លុកព្រះមហាក្សត្រ។
៦. ការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្ដាច់ពីនីតិរដ្ឋបានឡើយ។ ដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី នោះទេ។ ទន្ទឹមនឹងនេះ ការយោង ឬការលើកយកបទប្បញ្ញត្តិ ឬមាត្រាណាមួយនៃច្បាប់មកប្រើ គឺផ្អែកលើប្រភេទនៃ អង្គហេតុ បទល្មើស ឬទង្វើ ដែលបានប្រព្រឹត្តជាក់ស្តែង មិនមែនផ្អែកលើបុគ្គលនោះជានរណានោះទេ។
៧. កង្វល់លើការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាជិកគណបក្សនយោបាយក្នុងប្រទេសកម្ពុជា គឺជាការផាត់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការធានានូវគោលការណ៍នីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្ស ជាតិទូទៅ។ បន្ថែមលើនេះ កង្វល់ចំពោះការអនុវត្តច្បាប់នេះ អាចក្លាយជាកាតាលីករជំរុញឱ្យមនុស្សលែង គោរពច្បាប់ ហើយអាចប្រើស្លាកអ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនផ្សេងៗ ដើម្បីប្រព្រឹត្តបទល្មើស ដែលនឹងនាំទៅដល់អស្ថិរភាព និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសង្គម។
៨. កង្វល់ពីលម្ហនយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច គឺជាការមើលស្រាលដល់គណបក្សនយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបោះឆ្នោតទាំងសកល និងអសកលក្រោមបរិយាកាសសេរី និងយុត្តិធម៌។ កង្វល់នេះ ក៏ជាការមើលរំលង ចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់ រួមទាំង ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការជ្រើស រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។
៩.ទឡីករណ៍មិនអាចបដិសេធបាន ដែលលម្ហនយោបាយនិងពលរដ្ឋនៅកម្ពុជា មានលក្ខណៈទូលំទូលាយ និងបើកចំហ បង្ហាញឱ្យឃើញតាមរយៈវត្តមានចម្រុះ និងតួនាទីដ៏រស់រវើករបស់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិប្រមាណជាង ៦ពាន់ និងអង្គភាពសារព័ត៌មានប្រមាណ២ពាន់ ដែលកំពុងប្រតិបត្តិការដោយគ្មានការរឹតត្បិត និងការត្រួតពិនិត្យជាមុន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តរៀបចំវេទិកាសន្ទនា ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល២ដងក្នុងមួយឆ្នាំ និងបានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់។
*សិទ្ធិជនជាតិដើមភាគតិច
១០. រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ ដីសហគមន៍ជនជាតិដើមភាគតិច ដោយបានចេញបណ្ណកម្មសិទ្ធិដីសមូហភាព និងបានធ្វើការកែទម្រង់ បែបបទនិងនីតិវិធីនៃការស្នើសុំចុះបញ្ជីដីសមូហភាពឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការស្នើសុំរបស់ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ជនជាតិដើមភាគតិចទាំងអស់បានរក្សានូវ ឯកភាពជាតិពន្ធុ សង្គម វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា របៀបរបបរស់នៅផ្សេងៗគ្នា និងកំពុងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។
១១. ក្នុងការប្រយុទ្ធនឹងការរើសអើងប្រឆាំងនឹងជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច តាមរយៈការអនុវត្តកម្មវិធីនិងគម្រោងអភិវឌ្ឍន៍នានា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងភាសាកំណើតរបស់ជនជាតិដើមភាគតិចនៅគ្រប់តំបន់មានការរីកចម្រើនជាបន្តបន្ទាប់ ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ទឹកស្អាត អគ្គិសនី មណ្ឌលសុខភាពនៅនឹងកន្លែង និងមណ្ឌលសុខភាពចល័ត ជាដើម។
១២. សិទ្ធិទទួលបានការអប់រំរបស់កុមារជនជាតិដើមភាគតិចត្រូវបានលើកកម្ពស់ តាមរយៈការបង្កើតកម្មវិធីអប់រំពហុភាសា និងបានផ្តល់សេវាអប់រំពហុភាសានៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងបានបោះពុម្ពសៀវភៅសិក្សាអប់រំពហុភាសាថ្នាក់ទី១-៣ និងបានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្រៀនកុមារ ដែលជាជនជាតិដើមភាគតិច រួមទាំងការផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់បន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា។
*ប្រព័ន្ធពន្ធនាគារ
១៣. ស្ថានភាពពន្ធនាគារទូទាំងប្រទេស ត្រូវបានកែលម្អជាបន្តបន្ទាប់ស្របតាមសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងបរិយាកាស និងការអនុវត្តសិទ្ធិផ្សេងៗ ដូចជា ការហាត់ប្រាណ ថែទាំសុខភាព ប្រណិប័តន៍ជំនឿសាសនា ការទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ និងរបបអាហារកាន់តែប្រសើរ ព្រមទាំងការអនុញ្ញាត ឱ្យភាគីពាក់ព័ន្ធចុះពិនិត្យជាប្រចាំ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន វិធានការជាច្រើន ត្រូវបានដាក់ចេញ រួមមាន ការកសាង និងការកែច្នៃបន្ទប់ឃុំឃាំង ការអនុវត្តនីតិវីធីបន្ធូរបន្ថយទោស លើកលែងទោស និងការព្យួរទោស ហើយតាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត និងការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានរួមចំណែកក្នុងការកាត់បន្ថយបញ្ហាចង្អៀតណែននេះ។
១៤. អ្នកនាំពាក្យ គ.ស.ម.ក. ក៏បានស្នើដោយទទួចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់ មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងឆ្លៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ។ គោលការណ៍រួមនៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេសនោះ។ ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់តែផ្អែកលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែងដែលបុគ្គលនោះបានប្រព្រឹត្ត ជាដើម៕