ភ្ណំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកបានកើនឡើងជាលំដាប់ ជាពិសេសលើផលិតផលកាបូបដែលមានទំហំទឹកប្រាក់ប្រមាណជិត ៥០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការផ្ដល់ការអនុគ្រោះពន្ធគយ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៊ីលើ (Karl Ehlers) តំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
លោកបណ្ឌិត កាល អ៊ីលើ បានសម្ដែងការឯកភាពអំពីការរីកចំរើននៃទំហំនៃការនាំចេញរបស់កម្ពុជា ដែល ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើននេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា។ ក្រៅពីនេះ លោកបណ្ឌិតក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលនៃកិច្ចពិភាក្សាលើចំណុចមួយចំនួនដែលបានកំណត់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី០៥ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ៕