ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គីម ហ៊ាងថា ៖ «កម្ពុជាមិនអាចមានវិបត្តិដីធ្លីកើតឡើងនោះទេ» !

ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអលចលនទ្រព្យខ្មែររៀលអ៊ីស្ទេត បានអះអាងថា បច្ចុប្បន្ននេះ បើមើលក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ទៅវិស័យដីធ្លីនៅប្រទេសកម្ពុជាមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយសារតែកម្ពុជាមិនមែនមានតែលំហូរវិនិយោគមកពីចិននោះទេ គឺមាន ហុងកុង សាំងហ្គាពូ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសផ្សេងៗទៀត ដែលកំពុងតែវិនិយោគ។

លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា កម្ពុជាមិនអាចមានវិស័យដីធ្លីកើតឡើងនោះទេ ប៉ុន្តែបើវិបត្តិបុគ្គលមាន ដោយសារតែបុគ្គលខ្លះចង់ក្លាយជាអ្នកមានលឿនពេក គឺអាចកើតមានបញ្ហាក្នុងការវិនិយោគ ហើយរយៈពេល៥ ឆ្នាំខាងមុខទៀតវិស័យដីធ្លីនឹងមានការរីកចម្រើនទៅមុខទៀត ក្នុងលក្ខណ្ឌមួយដែលនយោបាយមានលំនឹង និងទំហំសេដ្ឋកិច្ចកាន់តែធំធ្វើឲ្យកម្ពុជាបន្តមានការរីកចម្រើន។

លោកបណ្ឌិតបញ្ជាក់ថា «វិបត្តិដីធ្លីវាមិនអាចកើតឡើងខ្លួនឯងបានទេ នៅពេលណាដែលសេដ្ឋកិច្ច និងនយោបាយកម្ពុជាមិនមានបញ្ហា ពោល កាលណានយោបាយមានលំនឹង សេដ្ឋកិច្ចរីកចម្រើនវិស័យដីធ្លីនឹងដំណើរការល្អ ប៉ុន្តែបើសិនជាសេដ្ឋកិច្ច និងនយោបាយមានបញ្ហា គឺដីធ្លីនឹងជាប់គាំង ហើយនេះគឺជារឿងពិត»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៨ វិស័យអចលនទ្រព្យកម្ពុជាជួបព្យុះភ្លៀងយ៉ាងខ្លាំងធ្វើឲ្យអ្នកលក់ដែលធ្លាប់ចំណេញដល់ក្តោង បែរជាខាតឡុងឆុងក្នុងមួយរំពេចទៅវិញ ដោយសារតែឥទ្ធិពលនៃសេដ្ឋកិច្ចពិភពលោកនៅសហរដ្ឋអាមេរិកធ្វើឲ្យចរន្តសាច់ប្រាក់ជាប់គាំង ហើយចំណែកតម្លៃដីធ្លីនៅកម្ពុជាបានរងវិបត្តិយ៉ាងធ្ងន់ធ្ងរធ្វើឲ្យគម្រោងធំៗរបស់កូរ៉េចំនួន ២ ទី១ គម្រោងអគារ Gold Tower 42 និង ទី២ គម្រោងទីក្រុងរណបបានជាប់គាំង។

លោកបណ្ឌិត គីម ហ៊ាង បានពន្យល់ថា«វិបត្តិដីធ្លី៥ ឆ្នាំទៀតបើយើងមើលក្នុងភ្នែកទទេ គឺសមស្រប ប៉ុន្តែបើយើងវិភាគឲ្យបានស៊ីជម្រៅខ្ញុំគិតថា សង្រ្គាមពាណិជ្ជកម្មអាមរិក និងចិនមិនមែនជាសង្គ្រាមពិតប្រាកដទេ ហើយដាច់ខាតមិនរុញច្រានវិស័យអលចលនទ្រព្យកម្ពុជាជួបហានិភ័យនោះទេ ដោយសារតែក្រៅពីចិន យើងមានអ្នកវិនិយោគិនពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ»។

អ្នកវិនិយោគខាងលើបន្យល់ទៀតថា បច្ចុប្បន្នអ្នកវិនិយោគពីបរទេសនៅតែមានសកម្មភាពវិនិយោគជាធម្មតា ហើយអ្នកក្នុងស្រុកវិញទេ ដែលមានការផ្លាស់ប្តូរទីផ្សារ ដើម្បីឲ្យលក់ដាច់ជាងមុន ជារួមកម្ពុជាមិនមានអ្វី ដែលគួរឲ្យព្រួយបារម្ភរឿងវិបត្តិដីធ្លីនោះទេ អ្នកដែលព្រួយបារម្ភគឺ អ្នកចង់រកស៊ីឆាប់មានខ្លាំងពេកតែប៉ុណ្ណោះអាចរងវិបត្តិ។

មូលដ្ឋានគ្រឹះសំខាន់ៗចំនួន៤ ដែលកម្ពុជាមានគឺ ទី១ គឺកត្តាការរីកចម្រើនសេដ្ឋកិច្ចជារឿងសំខាន់ហើយសំខាន់ ទី២ ស្ថានភាពនយោបាយល្អ ទី៣ ការគាំទ្រពីវិស័យធនាគារ និងចំណុចសំខាន់ទី៤ ចុងក្រោយ លំហូរវិនិយោគិនពីបរទេសមិនថាចិនឬប្រទេសណានោះទេបាននាំទុនវិនិយោគយ៉ាងច្រើនចូលប្រទេសកម្ពុជាយ៕