ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារអាមេរិក សាងសង់អគារថ្មីកម្ពស់៧ជាន់

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងថ្មី ដើម្បីបំពេញតម្រូវការការងារក្នុងវិស័យទេសចរណ៍ដែលមានការកើនឡើង។

ពិធីក្រុងពាលីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ ១៨ខែ ឬ ១ឆ្នាំកន្លះ។អគារថ្មីនេះមានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត។

លោករដ្ឋលេខាធិការបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេសចរណ៍មានការកើនឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីសម្រាប់បំពេញការងាររបស់មន្ត្រីរាជការផងដែរ៕