លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈយ៉ាងមុតមាំរបស់ខ្លួន ខណៈលោកបានជួបជុំជាមួយថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយលោកថា«លោកនឹងពិភាក្សាជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក ក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាពនៅទូទាំងប្រទេសរួចរាល់។
លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំពិសានំបញ្ចុកសន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ លោកនឹងពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក»នេះជាម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំសម្បត្តិបេតិកភណ្អរូបិយពិភពលោកនៅអង្គការយូណេស្កូ។
លោករដ្ឋមន្ត្រីបានអះអាងថា នៅក្នុងពិព័រណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍គ្រោងរៀបចំក្នុងខែកញ្ញាឆ្នាំ២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរមួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោតជាដើម ក៏នឹងត្រូវបានត្រៀមរៀបចំជាម្ហូបតំណាងឱ្យអត្តសញ្ញាណខ្មែរ ដើម្បីទាក់ទាញទេសចរ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា រៀបចំពិធីជួបជុំគ្នាពិសានំបញ្ចុកសន្តិភាពឱ្យបានអធិកអធម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។
ដើមចមដែលបណ្ដាលឱ្យលោករដ្ឋមន្ត្រី មានឆន្ទៈកសាងសមិទ្ធផលជូនជាតិខេមរាយ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាក៏ចង់ឱ្យនំបញ្ចុកដែលមានតាំងពីដូនតាជំនាន់ដើមមួយនេះ មានការទទួលស្គាល់ពីពិភពលោកទាំងមូល ពិសេសគឺបានបរិភោគផ្ទាល់។
លោករដ្ឋក្រសួងទេសចរណ៍ជឿជាក់ថា« នំបញ្ចុកខ្មែរនេះ ប្រាកដជាមានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ពិសេសលោកក៏ជាអ្នកកើតក្នុងត្រកូលគ្រួសារមួយ ដែលចេះធ្វើនំបញ្ចុកច្បាស់លាស់តាំងពីកុមារភាពជាមួយឪពុកម្តាយនិងគ្រួសារដ៏កម្សត់របស់លោកផងដែរ»។