ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងរុស្ស៊ី កំពុងរួមគ្នា ដណ្តើមយកមហាអំណាចពិភពលោកពីអាមេរិក

ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី គេសង្កេតឃើញថា ចិន និងរុស្ស៊ីកំពុងតែខិតចូលជិតគ្នាកាន់តែខ្លាំង លើផ្នែក នយោបាយ យោធា និងពាណិជ្ជកម្ម ក្នុងគោលដៅ ដណ្តើមយកតំណែងមហាអំ ណាចពិភពលោកពីសហរដ្ឋ អាមេរិក ។

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងប្រធានា ធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានគោលដៅប្រហាក់ប្រហែលគ្នាក្នុងការដណ្តើមយកតំណែងមហាអំណាចពិភពលោកពីសហរដ្ឋអាមេរិក ដោយការរួមកម្លាំងគ្នា ។

ចិន និងរុស្ស៊ី កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែខ្លាំងថែមទៀតលើផ្នែក នយោបាយ យោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលជាការរួមកម្លាំងគ្នាមួយដ៏មានឥទ្ធិពល រហូតធ្វើអោយសហរដ្ឋអាមេរិកបង្ហាញនូវក្តីបារម្ភ ។

លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយរុស្ស៊ី រួមទាំងកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម និងការទិញលក់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ចិនផងដែរ ។

ចិនជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់លេខពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយរុស្ស៊ី ក៏ជាប្រទេសមហាអំណាចខាងសព្វាវុធប្រហាក់ប្រហែលនឹងអាមេរិកដែរ ចាប់តាំងពីសង្គ្រាមត្រជាក់ និងការរត់ប្រណាំងសព្វាវុធ ។

តាមគម្រោង ចិន និងរុស្ស៊ី អាចនឹងត្រូវបានបង្កើតទៅជាក្រុមតែមួយ ឫប្លុកតែមួយ ដោយចិនមានលុយ និងរុស្ស៊ីមានអាវុធ ហើយបើប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អគ្រប់ផ្នែក និងជាប្លុកតែមួយ គឺសមត្ថភាពគ្រប់យ៉ាងមិនចាញ់អាមេរិកទេ ។

នៅពេលបច្ចុប្បន្ននេះ រុស្ស៊ីជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងមានបច្ចេកវិទ្យាខាងយោធាប្រហាក់ប្រហែលអាមេរិកដែរ ហើយខាងចិនក៏ជាប្រទេសមហាអំណាចនុយក្លេអ៊ែរដែរ ប៉ុន្តែចិនមានប្រព័ន្ធបច្ចេកវិទ្យាទំនើបជាងគេនៅលើពិភពលោក គឺលើអាមេរិកទៀត ។

បើនិយាយពីបញ្ហាសេដ្ឋកិច្ចរវាងចិន និងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះ គឺចិនមានទំហំសេដ្ឋកិច្ចធំជាងប្រទេសរុស្ស៊ីរហូតដល់ជាង៨ ដង ហើយប្រទេសទាំងពីរមានទំហំទឹកប្រាក់ប្រមាណជាង ១០០ពាន់លានដុល្លារក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ ។

រុស្ស៊ីបាននាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់ប្រទេសចិនក្នុងអត្រា៤២.៧% គឺប្រហាក់ប្រហែលនឹងពាក់កណ្តាលនៃទំនិញសរុបរបស់ប្រទេសរុស្ស៊ី ដែលត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី លោក ស៊ី ជីនពីង បានហៅលោក វ៉្លាឌីមៀរ ពូទីន ថាជាមិត្តល្អ និងសន្យារុញច្រានកំណើនទឹកប្រាក់ផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរ អោយកើនឡើងកាន់តែខ្ពស់ថែមទៀតនៅពេលខាងមុខ ។

ចំណែកមេដឹកនាំរបស់សហរដ្ឋអាមេរិក ជាពិសេសគឺលោក ដូណាល់ ត្រាំ បានដឹងមុនរួចជាស្រេចហើយ ពីគម្រោងដណ្តើមតំណែងជាមហាអំណាចពិភពលោកលើខ្លួន ពីសំណាក់ប្រធានាធិបតីរបស់ប្រទេសចិន និងរុស្ស៊ី ។

ជាការទប់ទល់វិញ អាមេរិកបានបញ្ឆេះអោយមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន ក្នុងគោលដៅបន្ទុចបង្អាក់ល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទោះបីជាលោក ដូណាល់ ត្រាំ បានដឹងច្បាស់ពីផលប៉ះពាល់ក៏ដោយ ។

អាមេរិកដឹងច្បាស់ណាស់ថា សង្គ្រាមពាណិជ្ជកម្ម គឺនាំអោយអាមេរិកខ្លួនឯងក៏ខាតបង់ ហើយចិនក៏ខាតបង់ដែរ ប៉ុន្តែអាមេរិកនៅតែបន្តសង្គ្រាមពាណិជ្ជកម្មតទៅទៀត ក្នុងបំណងជាន់ពន្លិចសេដ្ឋកិច្ចចិនមិនអោយលូតលាស់លឿនពេកទេ។