ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា បេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីជាមួយឡាវ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៩ ខែតុលានេះលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក។

ជាមួយគ្នានោះ លោក ប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោក Xaysomphone Phomvihane បានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ មានជាអាទិ៍ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើកកម្ពស់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ៕ ដោយ៖ កន ចំណាន