ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បង្ហាញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

នៅទីបំផុតរាជរដ្ឋាភិបាលបានសម្រេចចេញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ។

នៅក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះនៅសណ្ឋាគារ សុខាភ្នំពេញ លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងបានឡើងបង្ហាញអំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ដែលសម្រេចកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០២៤។

ការបង្កើតបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះ គឺដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត។

យោងតាមខ្លឹមសារបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះបានចែងថា ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងអាចប្រព្រឹត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ដឹកនាំដោយក្រសួងព័ត៌មាន)។

ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ចំនួន១៧ ចំណុច ដូចបានចែងក្នុងប្រកាសរបស់ក្រសួងព័ត៌មាន ស្តីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស.» ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា MoINFO APP