សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដែលមានសមាជិកចំនួន ៤៩គ្រួសារ និង ៦៧ចម្ការ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
យោងតាមសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នេះថា ទីបំផុត សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយមានការសន្សំសំចៃដំបូងប្រហែល២០%ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើមដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន ។លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» មានសមាជិកចូលរួមចំនួន ៤៩គ្រួសារ ដោយមានចម្ការចំនួន ៦៧ ស្មើនឹងផ្ទៃដី ៨០ហិកតា អាចដាំដុះម្រេចចំនួន ១២៥,0០០ជន្លង់ ។
បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះបានឱ្យដឹងផងដែរថា សម្រាប់ទុនវិនិយោគទៅលើ សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» មានទំហំទឹកប្រាក់ប្រហាក់ប្រហែលនឹង ១លានដុល្លារ ហើយសម្រាប់ទីផ្សារគឺ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ។សូមជម្រាបផងដែរថ សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំ៤ប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ ៕
ដោយ៖ ប៉ោ កុសល