លោក វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាស្រាវជ្រាវពីចិន ក្រោមប្រធានបទស្តីពី “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលនឹងរៀបចំឡើងចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង ណាន ពីង(Nanping) ខេត្តហ្វូជាន (Fujian )។គោលបំណងនៃសន្និសីទពិភពលោកនៃអ្នកសិក្សាពីចិន គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយអរិយធម៌ចិនក្នុងបរិបទសកល ហើយក៏ជាព្រឹត្តិការណ៍សម្រាប់ស្វែងយល់ពីតួនាទីរបស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មជាសកលផងដែរ។ សន្និសីទនេះ ជាផ្នែកមួយនៃការអនុវត្តនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ដោយគំនិតផ្តួចផ្តើមនេះ បាន ផ្តល់ តម្លៃ ដល់ ការ គោរព នូវភាពចម្រុះនៃអរិយធម៌ គុណតម្លៃរួមនៃមនុស្សជាតិ សារៈសំខាន់នៃកេរដំណែល និងនវានុវត្តន៍នៃអរិយធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ គួរបញ្ជាក់ថា លោក វង សូត អនុប្រធានទី២ ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទនេះ ដើម្បីរួមចំណែកផ្តល់អនុសាសន៍លើការជំរុញការផ្លាស់ប្តូរអរិយធម៌រវាងប្រទេសចិន និងកម្ពុជា រួមទាំងប្រទេសដទៃទៀតជុំវិញពិភពលោក សំដៅរួមគ្នាជំរុញទំនើបភាវូបនីយកម្មពិភពលោក និងរួមគ្នាកសាងសហគមវាសនារួមសម្រាប់មនុស្សជាតិ។ សន្និសីទ ដែល រៀប ចំ ដោយ សមាគម ចិន សម្រាប់ ការយល់ដឹងអន្តរជាតិ (CAFIU)នេះ មានការចូលរួមពី អ្នកនយោបាយជាន់ខ្ពស់ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល មកពីប្រទេសនានា ប្រមាណជិត១០០ប្រទេស។ ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាតំណាងប្រជាជនចិនខេត្តហ្វូជាន និងថ្នាក់ដឹកនាំខេត្តហ្វូជាន មួយចំនួនផងដែរ៕