លោក វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។
សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយលោក ស៊ី ជិនពីង ផ្ទាល់តាំងពីទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលគាត់កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ លោក ស៊ី ជិនពីង បានដឹកនាំសាងសង់លំនៅដ្ឋានថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង។ សព្វថ្ងៃ សហគមន៍ Cangxia ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលជាតិនៃអរិយធម៌ស្ត្រី និងជាសហគមន៍គំរូសម្រាប់សេវាថែទាំមនុស្សចាស់ជរាផងដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍតំបន់នេះបានក្លាយគំរូនៃការអភិវឌ្ឍដែលប្រើប្រាស់នូវទស្សនៈដឹកនាំដ៏ល្បីល្បាញររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលផ្តោតការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន។
ដោយឡែក តំបន់ Three Lanes and Seven Alleys គឺជាតំបន់ប្រវត្តិសាស្ត្រមួយនៅកណ្តាលទីក្រុង Fuzhou ដែលរក្សាបាននូវស្ថាបត្យកម្មសម័យរាជវង្ស ម៉េង (Ming) និង រាជវង្សឆេង (Qing)។ តំបន់នេះ រួមមានផ្លូវធំសំខាន់ៗចំនួនបី និងផ្លូវថ្មើរជើងចំនួនប្រាំពីរ ដែលបង្ហាញពីសំណង់ចំនួន 159 ត្រូវបានអភិរក្សទុកបានយ៉ាងល្អ។ សព្វថ្ងៃ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសចិន និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន គណៈប្រតិភូរដ្ឋសភាកម្ពុជា និងបន្តធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន ដើម្បីត្រៀមចូលរួមសន្និសីតពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។