លោក វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី២៥-២៩ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនៃបេសកកម្មការងារនេះ លោក វង សូត បានចូលរួមថ្លែងសន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដោយបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីរួមចំណែកនៅក្នុងការសម្រេចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
លោក ក៏បានជួបពិភាក្សាការងារជាមួយ លោក ចូ ជូអ៊ី (Zhou Zuyi) លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជានលោក ជី ពីស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនអាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ លោក លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនងទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក យ៉ាង គួហាវ (Yang Guohao) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជននៃក្រុងសៀមិន (Xiamen)។
គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួន ដើម្បីស្វែងយល់អំពីសាវតារ និងការរៀបចំអភិវឌ្ឍន៍តំបន់ទាំងនេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។ដោយ៖ កន ចំណាន