(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ចុះណែនាំអប់រំអាជីវករលក់ដូរម្ហូបអាហារ និងសម្ភារប្រើប្រាស់តាមស្តង់ពិព័រណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្តង់ពិព័រណ៍ខាងមុខ ណាហ្កាវើល និងកោះពេជ្រ។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជាបបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។
ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានអំពាវនាវដល់បងប្អូនសាធារណៈជនទាំងអស់ ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មានមក ក្រសួងពាណិជ្ជកម្ម ឬតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ១៦៦ (មិនគិតថ្លៃ) ឬតាមបណ្តឹង CCF Complain App ឬ មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕