នាព្រឹកថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព២០២៤-២០២៨ ក្រោមអធិបតីភាពលោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបា លសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និង មន្ត្រីពាក់ព័ន្ធសរុបប្រមាណ២៦៥នាក់។
មានប្រសាស្ក្រស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះលោកអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ឈានឆ្ពោះប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។
លោកបន្ថែមថា លទ្ធផលជាច្រើនដែលសមត្ថកិច្ច អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី រួមសហការគ្នាធ្វើឲ្យខេត្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ពិសេសទប់ស្កាត់បានយ៉ាងជោគជ័យនូវគម្រោងដ៏ខ្មៅកខ្វក់ពីសំណាក់ជនអគតិមួយចំនួនដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពបដិវត្តន៍ពណ៌ មិនស្របតាមគន្លង នៃលទ្ធិប្រជាធិបតេយ្យ ។ ទន្ទឹមនេះ លក្ខណៈសម្បត្តិផ្សេងទៀតនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានដំណើការប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណតាមរយៈរថយន្តចល័ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាការឆ្លើយតបចំពោះករណីគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗជាដើម។
លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តស្វាយរៀងដែលបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ទន្ទឹមក៏សូមិជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកប ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕