ភ្នំពេញ៖ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីដើរឲ្យទាន់ការវិវត្តរីកចម្រើនសេដ្ឋកិច្ចនិងការកាត់បន្ថយថ្លៃដឹកជញ្ជូន ហើយតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានគោលនយោបាយរួចរាល់ហើយក្នុងការសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ពីភ្នំពេញទៅខេត្តសៀម និងពីភ្នំពេញទៅប៉ោយប៉ែត ហើយបច្ចុប្បន្នមានក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េ កំពុងតែសិក្សាពីលទ្ធភាពក្នុងការវិនិយោគសាងសង់នេះ។
លោក ស៊ីមសូរិយា បានបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនទាំងបីខាងលើគឺ មានតែផ្លូវពីភ្នំពេញទៅក្រុងបាវិតទេ ដែលបានសិក្សារួចហើយដោយអង្គការចាយការ(JACA)របស់ជប៉ុនមានប្រវែងជាង ១០០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណជាង៣ ពាន់ ៨០០ លានដុល្លារអាមេរិក ហើយការវិនិយោគនេះខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន ដោយត្រូវសាងសង់ឲ្យមានផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូននិងការប្រកួតប្រជែង។
អ្នកនាំពាក្យខាងលើបន្ថែមថា ក្នុងនាមក្រសួងសាធារណៈការនិងដឹកជញ្ជូនចង់បានហេដ្ឋារចនាសម្ព័ន្ធនិងសេវាដឹកជញ្ជូនបម្រើដល់សេចក្តីត្រូវការខាងផ្នែកពាណិជ្ជកម្ម ហើយបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធគមនាគមន៍ច្រើហើយ ប៉ុន្តែមិនទាន់បានឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែងនៅឡើយទេ។
សម្រាប់ លោក វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងធម្យប្រចាំខេត្តព្រះសីហនុបានថ្លែងនូវសុទិដ្ឋិនិយមថា នៅពេលកម្ពុជាមានផ្លូវល្បឿនលឿនច្រើនគឺជារឿងល្អ សម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជានិងផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផលចេញពីកសិកម្ម ហើយលើសពីនេះនឹងទាក់ទាញការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។
លោកបន្ថែមថា កន្លងមកមានបញ្ហាកកស្ទះច្រើននៅពេលផ្លូវមិនល្អ និងការដឹកទំនិញប្រើពេលវេលាយូរហើយក្រៅពីនេះធ្វើឲ្យថ្លៃដឹកជញ្ជូននិងទំនិញមានតម្លៃថ្លៃពិបាកក្នុងការប្រកួតប្រជែងនិងប្រទេសជិតខាង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្ភោធដាក់ឲ្យដំណើរការសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
ក្រៅពីនេះរដ្ឋាភិបាលកម្ពុជាក៏មានផែនការផងដែរក្នុងការសាងសង់ផ្លូវល្បឿនលឿន(Expressway)ចំនួន ៣ខ្សែទៀតនៅពេលខាងមុខ ពីភ្នំពេញទៅក្រុងបាវិត ភ្នំពេញទៅខេត្តសៀម និងភ្នំពេញទៅ ប៉ោយប៉ែត ដោយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែសិក្សាពីលទ្ធភាពក្នុងការវិនិយោគ៕