ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយរដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំ “វេទិកាភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន JATIC” ដើម្បីទាក់ទាញ និងជំរុញវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា

ក្រោមការសម្របសម្រួលពីស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ និងអង្គការ Japan Advanced Technology International Infrastructure Cooperation (JATIC) ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំ “វេទិកាភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន JATIC” ដែលពិធីបើកវេទិកានេះ ត្រូវបានប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាព បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោក ស៊ឹស៊ឹម៉ឹ ថៃ (Susumu Tai) ទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្រ្តី និងជាកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ។
បន្ទាប់ពីពិធីបើក អង្គពិធីវេទិកាបានដំណើរការបន្តនៅសណ្ឋាគារ Asia Center of Japan ទីក្រុងតូក្យូ ដោយមានការចូលរួមពី មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនវិនិយោគជប៉ុន សរុបប្រមាណជាង ១០០នាក់។
វេទិកាវិនិយោគនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញជូនធុរកិច្ចជប៉ុន និងអ្នកវិនិយោគជប៉ុន ឱ្យបានជ្រាបនិងយល់ច្បាស់អំពី បរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគនៅកម្ពុជា ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ទិដ្ឋភាពនៃប្រព័ន្ធពន្ធដារនិងការអនុវត្តការបង់ពន្ធគ្រប់ប្រភេទនៅកម្ពុជា របបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ កិច្ចសម្រួលវិនិយោគ ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគជាដើម ក្នុងទិសដៅទាក់ទាញ និងជំរុញវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុន ទៅកាន់ប្រទេសកម្ពុជាឱ្យកាន់តែកើនឡើងថែមទៀត។
ថ្លែងក្នុងឱកាសនោះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងចំណងមិត្តភាពទ្វេភាគីកម្ពុជានិងជប៉ុន ដែលត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” សកម្មភាពការងារធំៗរបស់ស្ថានទូតពាក់ព័ន្ធនឹងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា សកម្មភាពការងារនិងគោលនយោបាយសំខាន់ៗរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏ដូចជា លោកឯកអគ្គរាជទូត ព្រមទាំងលោកទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក “វេទិកាភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន JATIC” បានសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគិនជប៉ុនឱ្យពិនិត្យលទ្ធភាពទៅដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាទៅទស្សនានៅកម្ពុជា ជាមួយនឹងការអញ្ជើញរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ក៏ដូចជាអញ្ជើញក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ ចូលរួមសហការក្នុងការរៀបចំកម្មវិធីផ្សេងៗជាមួយកម្ពុជាក្នុងឱកាសពិព័រណ៍នោះ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជានិងជប៉ុន ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕