ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អន្តរក្រសួង នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំ និងពិភាក្សា លើរបៀបវារៈ ស្តីពីការបង្កើតគណៈកម្មាធិការជាតិ ស្ថិរភាពហិរញ្ញវត្ថុកម្ពុជា គណៈកម្មាធិការបានកំពុងជម្រុញបង្កើតយន្តការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ គឺជានិន្នាការតំបន់ និង ពិភពលោក បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ដែលបានកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក។
ចំពោះការបង្កើតយន្តការនេះ គឺដើម្បី ទប់ស្កាត់ និងគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ទៅលើវិស័យហិរញ្ញវត្ថុទាំងមូល និងការរាលដាលទៅកាន់វិស័យសេដ្ឋកិច្ចរូបវ័ន្ត សំដៅ ធានាបាននូវស្ថិរភាព និងចីរភាពនៃការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។
សម្រាប់កម្ពុជាវិញខណៈដែលវិស័យហិរញ្ញវត្ថុកាន់តែមានការអភិវឌ្ឍ ពិពិធកម្មកាន់តែទូលំទូលាយ និងសមារណកម្មស៊ីជម្រៅ, អនុវិស័យហិរញ្ញវត្ថុនីមួយៗ កាន់តែមានភាពប្រទាក់ក្រឡា និងស្មុគស្មាញ ដែលចាំបាច់តម្រូវឱ្យមានយន្តការក្របខ័ណ្ឌថ្នាក់ជាតិសមស្រប ដើម្បីឆ្លើយតបទៅនឹងហានិភ័យជាប្រព័ន្ធ ដែលអាចកើតមានឡើងជាយថាហេតុ ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ បានដឹកនាំកិច្ចប្រជុំ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួន៣គឺ៖ “សេចក្តី ព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ២០១៩ ស្តីពីការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាឆ្នាំ ២០១៦-២០៣០”។ “សេចក្តីព្រាងអនុក្រឹត្យស្តីពីការចុះបញ្ជីបរធនបាលកិច្ច” និង “សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា” ៕