ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់ ក្រោយពីសកម្លាំងសមត្ថកិច្ចដេញតាមបង្ក្រាប ពាក់ព័ន្ធបទល្មើសព្រៃឈើ

កំពង់ធំ៖ រថយន្តម៉ាកលុចស៊ីសមួយគ្រឿងទំនងបើកគេចពីសមត្ថកិច្ច ទើបបាត់ម្ចាស់ការ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច នៅវេម៉ោងប្រមាណ ២:៣០រំលងអាធ្រាត្រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានការធ្វើការបង្ក្រាបបទល្មើសព្រៃឈើនេះបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ សហការជាមួយរដ្ឋបាលស្រុកសណ្ដាន់ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានចុះប្រតិបត្ថិការបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោក គង់ សុភា អភិបាលរងស្រុកសណ្ដាន់។

ករណីទី១ នៅត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កម្លាំងបានឃាត់ចាប់រថយន្ដចំនួន ១គ្រឿង ម៉ាកLEXUS RX300 សេរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2E-9962(ជាស្លាកលេខកិបពីលើស្លាកលេខ ភ្នំពេញ 2Q-0249) ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នូវឈើអារប្រភេទលេខ១(សុក្រម) ចំនួន ១៤ដុំ ស្មើនឹង០,៦៦៩ម៉ែត្រត្រីគុណ។ អំឡុងពេលប្រតិបត្តិការក្រុមកម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានបើករថយន្ដដេញពីក្រោយរថយន្ដខាងលើ ប៉ុន្ដែដោយសារជនល្មើសភ័យខ្លាច និងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច ហើយជនល្មើសបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវវត្ថុតាងឈើ និងរថយន្ដនៅនឹងកន្លែងកើតហេតុ។

ករណីទី២ នៅត្រង់ចំណុចនិយាមកា(526999-1447899) កម្លាំងបានប្រទះឃើញ ឈើអារប្រភេទលេខ១(សុក្រម) ចំនួន១១ដុំ ស្មើនឹង០,៤៥៤ម៉ែត្រត្រីគុណ ដែលជនល្មើសទម្លាក់ចោលនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទឹកម្លាង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ករណីនេះពុំមានជនណាម្នាក់ចេញមុខមកទទួលខុសត្រូវឡើយ។

ចំណែកឯវត្ថុតាងទាំង២ករណីខាងលើ សមត្ថកិច្ចបានប្រមូលយករថយន្ដ និងឈើទាំងអស់ ប្រគល់ជូន លោក ហេង លីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ជាអ្នកទទួលថែរក្សាបណ្ដោះអាសន្ននៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា រថយន្តល្មើសខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដឹកផលអនុផលព្រៃឈើឈ្មោះ ប៉ោង រស់នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលតែងតែឌឺដងសមត្ថកិច្ចជាញឹកញាប់ដោយបោះពាក្យសំដីថា តើសមត្ថកិច្ចខេត្តកំពង់ធំមានឡានដេញទៀតឬអត់ សូមហៅមនុស្សមកដេញឲ្យច្រើនបន្តិច។ ទោះយ៉ាងនេះក៏ដោយ ក្រោយពីកំណត់មុខសញ្ញាបានហើយកម្លាំងជំនាញកំពុងស្នើសុំគោលការណ៍ដើម្បីស្រាវជ្រាវរកមុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់៕