ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បើមិនមានការប្រែប្រួលទេ បុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងប្រារព្ធពី​ថ្ងៃទី១៣ដល់១៥ធ្នូ នៅខេត្តកំពត

ក្រសួងទេសចរណ៍បានជូនដំណឹងជាផ្លូវការថា ដោយទទួលបាន​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួង​ទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃ​អាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅខេត្តកំពត ។

ខណៈនេះរដ្ឋបាលខេត្តកំពតជាម្ចាស់ផ្ទះក៏បានត្រៀមរួចជាស្រេចដែរ តាមរយៈសកម្មភាពជាក់ស្តែង និងសេចក្តីណែនាំតាំងពី ថ្ងៃទី១ ​ខែវិច្ឆិកា ឆ្នាំ២០២៤។បញ្ជាក់ដោយក្រសួងទេសចរណ៍​ព្រឹត្តិការណ៍ដ៏អធិក​អធមនេះ​​ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​ជំរុញការលើក​តម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និង​នៅតំបន់ឆ្នេរ​សមុទ្រកម្ពុជា។

សម្រាប់ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤​ គណៈកម្មការអន្តរក្រសួងគ្រោងរៀបចំសកម្មភាព និងព្រឹត្តិការណ៍​សំខាន់ៗមួយ​ចំនួន។ក្នុងនោះ ១. ការផ្សាយផ្ទាល់នូវការសម្តែង​ទស្សនីយ​ភាពសិល្បៈ ការប្រគំតន្ត្រី ដោយមានការចូលរួមពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី ជាតិនិងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួច​អបអរសាទរ​ពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤។២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញ​ផលិតផល និងគម្រោងអភិវឌ្ឍន៍​ទេសចរណ៍របស់ខេត្តតាម តំបន់ឆ្នេរ ព្រមទាំងការតាំងពិព័រណ៍ផលិត​ផលកសិទេសចរណ៍ និងផលិតផល​ក្នុងស្រុក និង៣. សកម្មភាពកីឡា​លើទឹក និងកីឡាលើឆ្នេរខ្សាច់ មានការចូលរួមពីសំណាក់ក្រុមកីឡាករ កីឡាការិនី​ជាតិ និងអន្តរជាតិ។

សូមរំលឹកថា ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ បានប្រព្រឹត្តធ្វើ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តកែប។

គប្បីជម្រាបជូនថា បុណ្យសមុទ្រលើកទី១ បានរៀបចំនៅ​ខេត្តព្រះ​សីហនុឆ្នាំ២០១១ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ​សកលចូល​ឆ្នាំ​២០១២​តែ​ម្តង។រាជរដ្ឋាភិបាលបានសម្រេចធ្វើពិ​ធីបុណ្យ​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​វិញ្ញា​បន​បត្រ​បញ្ជាក់ ពី​ឆ្នេរ​ខ្សាច់​ស្អាត​លំដាប់​ពិភពលោកកាល​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ២០១១ នៅ​ប្រទេស​សេណេ​ហ្គាល់ ក្នុង​មហា​សន្និ​បាត លើក​ទី​៧ របស់​​ក្លឹប​ឆ្នេរ​ខ្សាច់ ដែល​មាន​សមាជិក​២៦​ប្រទេស​។

បុណ្យសមុទ្ររៀបចំឡើងដោយឈរលើគោលការណ៍នៃការ​ឆ្លាស់​វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (​​ព្រះសីហនុ កោះកុង កំពត កែប ) ។ គោលបំណង​នៃ​ពិធី​បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារ​ធនធាន​ធម្មជាតិ​សមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរ​ឱ្យបានស្អាត ដើម្បីបម្រើដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយចិរភាព និងកា​រ​ទទួល​ខុសត្រូវ ព្រមទាំងលើក តម្កើងកា​រផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរ​កម្ពុជា​ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ​មកទស្សនាកាន់​តែច្រើន។

ជាការកត់សម្គាល់ បុណ្យសមុទ្រត្រូវបានខកខានមិនបានធ្វើអស់​រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែ​ការរាតត្បាតនៃ​ជំងឺកូវីដ១៩ ។បុណ្យនេះបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុង​ខេត្តព្រះសីហនុ បន្ទាប់ពីរាជ​រដ្ឋាភិបាល​បានយកឈ្នះលើការរាត​ត្បាត​ជំងឺកូវីដ​១៩៕