ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ “ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ”

ភ្នំពេញ: នាព្រឹកថ្ងៃចន្ទទី៩ ខែធ្នូ ឆ្នាំ២០២៤ នេះនៅសណ្ឋាគារភ្នំពេញ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានរៀបចំ “ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ គ.ល.ក., តំណាងកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង តំណាងបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួន ៥៥០ រូប។

ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ត្រូវបានរៀបចំឡើងដើម្បីបើកទំព័រថ្មីមួយទៀតបង្ហាញឱ្យឃើញពីការចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ របស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងបុគ្គលិកពិសេសកាស៊ីណូដែលបាននិងកំពុងបម្រើការងារក្នុងកាស៊ីណូ និងដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបុគ្គលិក​ពិសេសកាស៊ីណូ។

ឯកឧត្តម រស់ ភីរុណ បានគូសរំលេចនូវខ្លឹមសារច្បាប់ពាក់ព័ន្ធសំខាន់ៗដូចខាងក្រោម៖
ទី១. អនុលោមតាមមាត្រា៤៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា “រូបវន្តបុគ្គលមិនត្រូវ​អនុវត្ត ឬបំពេញមុខងារណាមួយនៃមុខងារបុគ្គលិកពិសេសឡើយ លើកលែងតែមានអាជ្ញាបណ្ណបុគ្គលិកពិសេស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
អ្នកកាន់កាប់អាជ្ញាបណ្ណបុគ្គលិកពិសេសម្នាក់ៗត្រូវអនុវត្តតែមុខងារដែលបានបញ្ជាក់នៅក្នុងអាជ្ញាបណ្ណបុគ្គលិកពិសេសរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះ”។
ទី២. មាត្រា៥៣ កថាខណ្ឌទី២ ចែងថា “បុគ្គលិកពិសេសរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មមួយ មិនអាចជាភាគហ៊ុនិកមានគុណវុឌ្ឍិឬជាបុគ្គលិកពិសេសរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មផ្សេងទៀត ឬរបស់កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណឬកម្មសិទ្ធិករកាស៊ីណូ ឬរបស់អ្នកគ្រប់គ្រងកាស៊ីណូ ឬរបស់ភាគីពាក់ព័ន្ធណាមួយដោយផ្ទាល់ឬដោយប្រយោលឡើយ”។
ទី៣. មាត្រា៧៤ កថាខណ្ឌទី២ ចំណុច គ ចែងថា “ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មិនត្រូវដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែង​ពាណិជ្ជកម្មឡើយ លុះត្រាតែល្បែងនោះត្រូវដំណើរការដោយបុគ្គលិកពិសេសដែល​មានអាជ្ញាបណ្ណ”។

ទី៤. អ្នកកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ​បុគ្គលិកពិសេសកាស៊ីណូស្របតាមប្រកាសលេខ ០០៦ គ.ល.ក.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពី​នីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ និងការបន្តសុពលភាពអាជ្ញាបណ្ណបុគ្គលិកពិសេស​កាស៊ីណូ និងប្រកាសលេខ ០០៤ គ.ល.ក.ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលប្រការ៦ នៃប្រកាសលេខ ០០៦ គ.ល.ក.ប្រក។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានទទួលពាក្យស្នើសុំអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនៅទូទាំងប្រទេស មានបុគ្គលិកសរុបចំនួន ១១.៨១៦ រូប ក្នុងនោះ បុគ្គលិកចំនួន ៩.០៦៦ រូប ត្រូវបាន​សម្រេចផ្តល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ (៩៤% ជាពលរដ្ឋខ្មែរ)។ ប៉ុន្តែទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក៏បានសម្រេចលុបឈ្មោះបុគ្គលិកពិសេសកាស៊ីណូចំនួន ៦៦៧ រូប វិញផងដែរ។
ចំពោះបុគ្គលិកពិសេសកាស៊ីណូដែលត្រូវបានដកហូតអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូវិញ សុទ្ធតែត្រូវបានកត់ត្រាទុកក្នុងទិន្នន័យរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សម្រាប់ការពិចារណាបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូរបស់បុគ្គលនោះនាពេលក្រោយទៀត។
ដូចនេះ ការប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូជូនដល់បុគ្គលិកពិសេសកាស៊ីណូទាំង ៩.០៦៦ រូប ជាលើកដំបូងនាថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងភ្លឺស្វាង ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។
អគ្គលេខា​ធិ-ការដ្ឋាននៃ គ.ល.ក. វាយតម្លៃខ្ពស់ចំពោះការចូលរួមអនុវត្តច្បាប់របស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ​ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណបុគ្គលិកពិសេស ដល់បុគ្គលិករបស់ខ្លួនបានត្រឹមត្រូវ។
ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. មានជំនឿជាក់ថាកម្មសិទ្ធិករ និង/ឬប្រតិបត្តិករ​កាស៊ីណូ ដែលមិនទាន់បាន​បំពេញកាតព្វកិច្ចនេះ នឹងរួសរាន់ចូលរួមអនុវត្តច្បាប់បានត្រឹមត្រូវ និងទាន់ពេលវេលា។
ពិធី ប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើរ តាមការរំពឹងទុក។