លោក អោម សេងបូស្ថាបនិករបស់វិទ្យាស្ថានស៊ីអ៊ីអូនិង CEO Master Clubបានចាត់ទុកថា អ្នកដឹកនាំដែលធ្វើឱ្យគេខ្លាចមិនអាចខ្លាំងរឹងមាំយូរអង្វែងដូចអ្នកដឹកនាំដែលធ្វើឱ្យគេគោរពស្រលាញ់នោះទេ ហើយអ្នកដឹកនាំដែលអាចធ្វើឱ្យសត្រូវរបស់ខ្លួនក្លាយជាមិត្ត ទើបឈានដល់កម្រិតកំពូលនៃភាពជាអ្នកដឹកនាំ។លោកបានពន្យល់ថា តួនាទីមួយសំខាន់របស់អ្នកដឹកនាំគឺត្រូវដឹកនាំគេ ឆ្ពោះទៅរកគោលដៅនៃភាពជោគជ័យប្រកបដោយសេចក្ដីសុខរួម ទោះបីជាគេមិនចេះ មិនចង់ មិនចូលចិត្តក៏ដោយ។ ចំពោះអ្នកដឹកនាំល្អពិតប្រាកដ មិនចេះខ្លាចគេដណ្ដើមតំណែងខ្លួននោះទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចបំផុតគឺ«គ្មានអ្នកណាអាចមកស្នងតំណែងរបស់ខ្លួនបាន»។
តើមេរៀនភាពជាអ្នកដឹកនាំរបស់លោកនឹងក្លាយជាមរតកអប់រំ សម្រាប់កម្ពុជានិងពិភពលោកមែនពិតឬយ៉ាងណា? ជាការពិតណាស់វីរបុរសខ្មែរយើងបានន្សល់ទុកនូវមរតកមានតម្លៃជាច្រើនសម្រាប់ជាតិ។លោក អោម សេង បូរ៉ា រៀបរាប់ទៀតថា«អ្វីដែលយើងគ្រប់គ្នាអាចធ្វើបាននៅពេលនេះគឺការកសាងគុណភាពធនធានមនុស្ស ការបណ្ដុះនូវពុទ្ធិដឹកនាំនៅលើផ្លូវត្រូវឆ្ពោះទៅរកសេចក្ដីសុខចម្រើនទាំងការដឹកនាំជីវិតខ្លួនឯងគ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោក»។
លើសពីនេះលោកថា ក្នុងនាមជាអ្នកដឹកនាំគេ ប្រសិនបើយើងខ្លួនឯងគ្មានសមត្ថភាព គ្មានសេចក្ដីសុខផ្ទាល់ខ្លួន គ្មានឥទ្ធិពលខ្លាំង មិនមានភាពរឹងមាំផ្នែកផ្លូវអារម្មណ៍ស្មារតីនោះទេ ប្រាកដណាស់ខ្លួនឯងព្រមទាំងអ្នករួមដំណើរជាមួយយើងនឹងចួបប្រទះនឹងគ្រោះមហន្តរាយជាក់ជាមិនខាន។
ជាឧទាហរណ៍ជាក់ស្ដែង Apple បានក្លាយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ល្បីឈ្មោះលំដាប់ពិភពលោក និងធំជាងគេប្រចាំប្រទេសមហាអំណាចអាមេរិកដោយមានលោក Steve Jobs ជាមេដឹកនាំមានសមត្ថភាពជាងគេក្នុងចំណោមសហស្ថាបនិក២រូបផ្សេងទៀតរួមមាន Steve Wozniak និង Ronald Wayne។
ចំណែកភាពបរាជ័យរបស់ Nokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធ្លាប់ល្បីឈ្មោះ ពេញនិយម និងនាំមុខគេនៅលើពិភពលោកចួបរឿងបរាជ័យនៅក្នុងការប្រកួតប្រជែងលើទីផ្សារដោយសារតែប្រធានក្រុមហ៊ុនអសមត្ថភាព មិនមានចក្ខុវិស័យវែងឆ្ងាយ និងមិនព្រមផ្លាស់ប្តូរខ្លួនឱ្យទាន់សម័យកាលតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាពិភពលោកហើយភ័ស្តុតាងទាំងនេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់អ្នកដឹកនាំក្នុងវិស័យធុរកិច្ច។
ចំពោះ លោក អោម សេង បូរ៉ា គឺជាសហគ្រិន អ្នកវិនិយោគ និងជាគ្រូបង្វឹកថ្នាក់ដឹកនាំធុរកិច្ចកំពូលដ៏ល្បីឈ្មោះម្នាក់ដែលមានឆន្ទះយ៉ាងមុតមាំក្នុងការកសាងអ្នកដឹកនាំធុរកិច្ចជំនាន់ថ្មីឱ្យបានកាន់តែច្រើនសម្រាប់កម្ពុជានិងពិភពលោក។
លោកមានជំនឿថា មេរៀនភាពជាអ្នកដឹកនាំរបស់លោកនឹងក្លាយជាគតិបណ្ឌិតអប់រំដល់មនុស្សជាតិមិនអាចកាត់ថ្លៃបានសម្រាប់អ្នកបន្តវេនគ្រប់ជំនាន់ ហើយនាថ្ងៃអនាគតមេរៀននេះនឹងក្លាយជាមរតកអប់រំដោយមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់មេដឹកនាំក្នុងវិស័យធុរកិច្ច។
កាលពីមុនលោក អោម សេង បូរ៉ា គឺជាអគ្គនាយកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិស្ហិនហ្វាន់ខេមបូឌៀ (Vision Fund Microfinance) ក្រោមការដឹកនាំរបស់លោក ស្ថាប័នមួយនេះមានការរីកចម្រើនពីទឹកប្រាក់វិនិយោគ ៧០ ម៉ឺនដុល្លាររហូត ២៧លានដុល្លារអាមេរិកពីបុគ្គលិកដែលមានត្រឹមតែ៤០ នាក់ពង្រីកបានរហូតដល់ ៦០០នាក់។
ហើយស្ថាប័ននេះបានជាប់ចំណាត់ថ្នាក់លេខ១ ជាស្ថាប័នគំរូលំដាប់ថ្នាក់ពិភពលោកក្នុងចំណោម ៤៧ ប្រទេស ទទួលស្គាល់ពីវិស្ហិនហ្វាន់អន្តរជាតិ។ លោក លោកបានបង្វឹកបុគ្គលិករបស់លោក ឱ្យក្លាយជាបុគ្គលិកឆ្នើម និងជាថ្នាក់ដឹកនាំពូកែៗ ក្នុងចំណោមនោះមានបុគ្គលិកមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំ និងជាអគ្គនាយកក្នុងស្ថាប័នអន្តរជាតិហើយបច្ចុប្បន្នកំពុងធ្វើការនៅក្រៅប្រទេសជាច្រើន។
បច្ចុប្បន្ននេះ លោក អោម សេងបូរ៉ា គឺជាអភិបាលឯករាជ្យតំណាងឱ្យម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនបានចូលទីផ្សារមូលបត្រដំបូងគេបង្អស់នៅកម្ពជា ហើយលោកក៏ជាអភិបាលឯករាជ្យតំណាងឱ្យម្ចាស់ភាគហ៊ុននៅធនាគារអភិវឌ្ឍន៏ជនបទនិងជាអភិបាលឯករាជ្យតំណាងឱ្យម្ចាស់ភាគហ៊ុននៅធនាគារអ៊ីអន ដែលជាដៃគូរសហការរបស់ អ៊ីអនម៉ល។
លោក អោម សេងបូរ៉ា គឺជាស្ថាបនិករបស់វិទ្យាស្ថានស៊ីអ៊ីអូនិង CEO Master Club ដែលជាក្លឹបបណ្តុំម្ចាស់អាជីវកម្មនិងបង្វឹកម្ចាស់អាជីវកម្មឱ្យក្លាយទៅជាអ្នកដឹកនាំធុរកិច្ចកំពូលនិងជាអគ្គនាយកអាជីព ដែលមានលក្ខណៈអន្តរជាតិ និងដឹកនាំធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានការរីកចម្រើនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដា ពង្រីកបណ្តាញការលក់កាន់តែទូលាយលើកេរ្ដិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំងមានឱកាស វិនិយោគកាន់តែច្រើនទទួលបានការប្រឹក្សាជាបន្តបន្ទាប់ និងបង្កើនប្រាក់ចំណេញបានកាន់តែធំ និងឆាប់រហ័ស។
បច្ចុប្បន្នស្ថាប័នមួយនេះមានសមាជិកចំនួន ៨០៨ រូបហើយដែលគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនជិតពីរពាន់ក្រុមហ៊ុន។ កាន់ពិសេសជាងនេះទៅទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសហគ្រិនក្នុងស្រុកឱ្យមានប្រភពទុនទូលំទូលាយ ក្នុងការបង្កើតនិងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំ បង្កើតការងារធ្វើឱ្យកាន់តែច្រើន បង្កើនប្រាក់ចំណេញឱ្យបានកាន់តែខ្ពស់ កសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ក្នុងទស្សនវិស័យចង់ឃើញកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស លោកបានបង្កើតឱ្យមានក្រុមហ៊ុនវិនិយោគ CEO Master Club Investment Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិខ្មែរដំបូងគេនៅកម្ពុជាដែលទទួលបានការអនុម័តជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជាឱ្យមានសិទ្ធិស្របច្បាប់ក្នុងការប្រមូល គ្រប់គ្រង ចាត់ចែង ទុនវិនិយោគពីសាធារណៈ។
គិតត្រឹមដើមខែមិថុនា២០១៩នេះ លោក អោម សេង បូរ៉ា បានចូលរួមបង្វឹកជំនាញភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូលចំនួន៤ វគ្ក ហើយការបង្វឹកនាថ្ងៃទី១-២ មិថុនា ថ្មីនេះមានម្ចាស់អាជីវកម្មកម្ពុជាចំនួន១១០នាក់ចូលរួម ស្របពេលដែល CEO Master Club បានបើកការិយាល័យតំណាងនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចចិននិងអាមេរិក ដើម្បីយកចំណេះដឹងនេះទៅកាន់ពិភពលោកផងដែរ៕