សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាបេសកកម្មការទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា បានជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសុខាភិបាលកាន់តែល្អថែមទៀត។ នេះជាការគូសបញ្ជាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះលោក ង្វៀន ហួយតាំង ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជាកន្លងមកនេះ ហើយតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមជូនពរឱ្យឯកឧត្តម ង្វៀន ហួយតាំង បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតទៅលើរាល់កិច្ចការរបស់ឯកឧត្តមទៅថ្ងៃអនាគត។
លោក ង្វៀន ហួយតាំង ក៏បានទទួលស្គាល់ថា ក្នុងបេសកកម្មការទូតនៅកម្ពុជា គឺពិតជាបានជំរុញឱ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ជាពិសេស លើវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងវិស័យសុខាភិបាលជាដើម និងបានបញ្ជាក់ថា ទំនាក់ទំនងបេសកកម្មការទូតដ៏ល្អនេះ គឺដោយសារមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជាពីគ្រប់លំដាប់ថ្នាក់។ លោកក៏បានអរគុណដល់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួសម និងជម្រាបលាក្នុងនាមជាមិត្ដដ៏ល្អទៅថ្ងៃអនាគត៕ ដោយ សួស សំរិត AKP