លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានផ្សព្វផ្សាយអំពីកាលានុវត្តភាពនិងសក្តានុពលវិនិយោគរបស់កម្ពុជាដល់សហគមន៍ធុរកិច្ចខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីប្រទេសសំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity and Investment Fair (SSACEIF)» នៅពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួន ដារ៉ា បានបង្ហាញវិនិយោគិននិងធុរជនចិនអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការក៏បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេសលើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
លោក ឈួន ដារ៉ា បានគូសបញ្ជាក់ថា«យើងបានកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន ដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្មសេវា CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ, រំកិលទីតាំងឈរជើងរបស់មន្ត្រីកាំកុងត្រូល និងដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយជាដើម! ដូច្នេះ សូមអញ្ជើញមកវិនិយោគនៅកម្ពុជា»។
សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរព័ត៌មាននិងផ្តល់ឱកាសដល់វិនិយោគិនចិន បានស្វែងយល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅតាមប្រទេសនានាក្នុងពិភពលោរួមទាំងកម្ពុជា ដែលជាប្រទេសកិត្តិយសសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ SSACEIFនៅក្នុងឆ្នាំនេះ។
ចំណែក លោក យ៉ន សុវណ្ណ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានិងជានាយកក្រុមហ៊ុន Bayon Cereal បានលើកឡើងថា ក្រុមហ៊ុនលោកបានយកអង្ករក្រអូបកម្ពុជាទៅចូលរួមពិព័រណ៌នោះផងដែរ ហើយកម្មវិធីនេះនឹងជួយជំរុញការបង្កើនកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ដោយសារតែចិនជាទីផ្សារដ៏ធំ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនដទៃទៀតផ្នែកកសិកម្ម និងសហគ្រាសគួរតែចូលរួមពិព័រណ៌នេះនៅឆ្នាំក្រោយៗ ទៀត ដោយសារតែកម្ពុជាមានកសិផលច្រើន ដែលអាចផ្សព្វផ្សាយនិងលក់នៅលើទីផ្សារចិនផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មពិព័រណ៌នៅទីក្រុងគុនមីង សម្ភោធជាផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនា២០១៩ ដែលកម្មវិធីនេះ រំពឹងថា នឹងជំរុញការផ្សព្វផ្សាយអំពីផលិតផលកម្ពុជា និងសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជាទៅកាន់ភាគីចិននិងស្នើដល់អ្នកវិនិយោគគិននិងពាណិជ្ជករចិន ព្រមទាំងបណ្តាប្រទេសដែលបានចូលរួមទាំងអស់ ឱ្យមកបើកដំណើរការក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា។
យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មបង្ហាញថា កម្ពុជាបានយកស្តង់ជាង៤០ ចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៌នាទីក្រុងគុនមីងប្រទេសចិនហើយក្នុងនោះនឹងមានដាក់តាំងពន្លាជាតិមួយផងដែរដើម្បីបង្ហាញពីសក្តានុពលកម្ពុជាផងដែរ។