ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាន (គ.ល.ក.)បានរៀបចំ “ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងតំណាងក្រុមហ៊ុនកាស៊ីណូ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃ គ.ល.ក. សរុបប្រមាណ ៧០ រូប។
ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែង ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការកំណត់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែងក្នុងបរិវេណកាស៊ីណូ របស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូឱ្យបានច្បាស់លាស់។
លោក រស់ ភីរុណ បានគូសរំលេចនូវខ្លឹមសារច្បាប់ពាក់ព័ន្ធសំខាន់ៗដូចខាងក្រោម៖
ទី១. អនុលោមតាមមាត្រា៧៤ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចែងថា “ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មិនត្រូវដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មឡើយលុះត្រាតែ៖
ក- មានការយល់ព្រមជាមុនលើប្រភេទនៃល្បែងពី គ.ល.ក. ដែលការយល់ព្រមនេះនៅមានសុពលភាពជាធរមាន។
ខ- ល្បែងនោះត្រូវបានដំណើរការឬលេងស្របតាមរបៀបលេង និងវិធានល្បែងដែលអនុម័តដោយ គ.ល.ក.។ និង
គ- ល្បែងនោះត្រូវបានដំណើរការដោយបុគ្គលិកពិសេសកាស៊ីណូដែលមានអាជ្ញាបណ្ណ។”
ទី២. អនុលោមតាមមាត្រា៧៦ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា “ប្រតិបត្តិករកាស៊ីណូ ប្រតិបត្តិករល្បែងភ្នាល់ ប្រតិបត្តិករល្បែងផ្សងសំណាង និងប្រតិបត្តិករល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវធានាថា៖
ក-ប្លង់នៃការរៀបចំបរិវេណផ្ទៃក្នុងនៃកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត រួមទាំងទីតាំងដាក់ម៉ាស៊ីនល្បែងសម្រាប់លេងជាដើម អនុលោមតាមការកំណត់របស់ គ.ល.ក. ដែលអាចត្រូវបានធ្វើឡើងតាមការចាំបាច់។
ខ-ការកែប្រែសំខាន់ៗចំពោះប្លង់នៃការរៀបចំបរិវេណផ្ទៃក្នុងនៃកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវជូនដំណឹងជាមុនដល់ គ.ល.ក.”។
ទី៣. យោងតាមប្រការ៨ ចំណុចទី៨ នៃប្រកាសលេខ ០០២ គ.ល.ក.ប្រក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពី នីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់និងការបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែងផ្សងសំណាង ចែងថា “ពាក្យស្នើសុំអាជ្ញាបណ្ណកាស៊ីណូត្រូវដាក់ជូនអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដោយភ្ជាប់នូវឯកសារ ដូចខាងក្រោម៖ […] ៨. ប្លង់បរិវេណកាស៊ីណូ និងទីតាំងរៀបចំឧបករណ៍ល្បែង។”
លើសពីនេះ កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ ក៏មានកាតព្វកិច្ចបន្ថែមទៀត ដូចខាងក្រោម៖
• ត្រូវរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែងស្របតាមប្លង់ដែលបានដាក់មក អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.
• រាល់ការកែប្រែទីតាំងឧបករណ៍និង/ឬកម្មវិធីល្បែង ត្រូវមានការអនុញ្ញាតជាមុនពី គ.ល.ក.។
ករណីក្រុមហ៊ុនកែប្រែទីតាំងឧបករណ៍និង/ឬកម្មវិធីល្បែង ដោយមិនមានការអនុញ្ញាតពី គ.ល.ក. ឬរកឃើញថា ក្រុមហ៊ុនមានឧបករណ៍និង/ឬកម្មវិធីល្បែងមិនទាន់ចុះបញ្ជី ឬខុសច្បាប់ក្នុងបរិវេណកាស៊ីណូ ក្រុមហ៊ុនត្រូវប្រឈមចំពោះមុខច្បាប់ ព្រមទាំងត្រូវប្រឈម នឹងពិន័យអន្តរការណ៍ និងអាចឈានដល់ការព្យួរ ឬដកហូតអាជ្ញាបណ្ណស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះការប្រកបអាជីវកម្មផ្សេងៗ ក្រៅពីទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែងដែលបានផ្តល់មក អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្រុមហ៊ុនត្រូវធានាថាអាជីវកម្មទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ដើម្បីពង្រឹងលើការគ្រប់គ្រងប្រតិបត្តិការល្បែងកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, គ.ល.ក. បានដាក់ចេញនូវវិធានការបន្តដូចខាងក្រោម៖
• ជំរុញការរៀបចំបង្កើតស្តង់ដានៃប្រតិបត្តិការកាស៊ីណូ និងជំរុញការត្រួតពិនិត្យ និងសវនកម្មកាស៊ីណូឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ គ.ល.ក. បានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុនកាស៊ីណូរៀបចំឱ្យមានការិយាល័យសម្រាប់មន្ត្រីជំនាញរបស់ គ.ល.ក. ប្រចាំការនៅកាស៊ីណូ មិនត្រឹមតែអាចពង្រឹងការងារត្រួតពិនិត្យ និងសវនកម្មប៉ុណ្ណោះទេ គឺនឹងជំរុញឱ្យប្រតិបត្តិករកាស៊ីណូយល់ពីកាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញចំពោះមុខច្បាប់ និងឈានទៅការរៀបចំឱ្យមានការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានក្នុងពេលដ៏ខ្លីខាងមុខ។
• បន្តពង្រឹងការគ្រប់គ្រងប្រភេទល្បែង និងឧបករណ៍ល្បែងដោយតម្រូវឱ្យប្រតិបត្តិករកាស៊ីណូទាំងអស់ត្រូវមាន និងតម្កល់នៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប្លង់បរិវេណកាស៊ីណូ, ប្លង់ម៉ាស៊ីនល្បែង, និងប្លង់តុល្បែង ដោយមានបញ្ជាក់ទំហំ, ក្រឡាផ្ទៃច្បាស់លាស់ និងគូសដោយប្រើកម្មវិធី AutoCAD។
• បន្តពង្រឹងការគ្រប់គ្រងប្រភេទល្បែង និងឧបករណ៍/កម្មវិធីល្បែង តាមរយៈការគ្រប់គ្រងបុគ្គលិកពិសេសកាស៊ីណូជាប្រភេទបុគ្គលិកបច្ចេកទេស ដែលទទួលបន្ទុកលើការគ្រប់គ្រងឧបករណ៍/កម្មវិធីល្បែង និងប្រភេទល្បែងឱ្យបានតឹងរ៉ឹង។
• បន្តពង្រឹងការអនុវត្តតាមសៀវភៅបន្ទុក លក្ខខណ្ឌអាជ្ញាបណ្ណ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានទទួលប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែងពីកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូចំនួន ១១៨ ក្នុងនោះប្លង់ទីតាំងចំនួន ១៤ បានទទួលស្គាល់ និងបានប្រគល់ជូនកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូរួចរាល់។ នៅថ្ងៃនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក៏បានទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែងរបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូចំនួន ៥៥ បន្ថែមទៀត។
ការប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែងនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ភាពស្របច្បាប់ដល់ប្រតិបត្តិករកាស៊ីណូ និងពង្រឹងការគ្រប់គ្រងទីតាំងរៀបចំឧបករណ៍ និង/ឬកម្មវិធីល្បែង ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ឯកឧត្តមអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានវាយតម្លៃខ្ពស់ចំពោះការចូលរួមអនុវត្តច្បាប់ និងកិច្ចសហការយ៉ាងជិតស្និតរបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូទាំងអស់ ក្នុងការយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្តល់ប្លង់ទីតាំងឧបករណ៍ និង/ឬកម្មវិធីល្បែង មក អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។
ពិធី ប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើរ តាមការរំពឹងទុក។