ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដឹកនាំប្រតិភូក្រុមហ៊ុនចំនួន៤ ចូលជួបពិភាក្សាការងាជាមួយលោក ស៊ុន ចាន់ថុល លើគម្រោងបោះទុនវិនិយោគវិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំអ្នកធុរកិច្ចដែលមកពីក្រុមហ៊ុនចំនួន៤ អញ្ជើញជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកការបណ្ដាក់ទុនលើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងឱកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាផងដែរ។
នាឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនក្រុមហ៊ុនទាំង៤ថា កម្ពុជា ជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្តដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា អ្នកធុរកិច្ចមកពីក្រុមហ៊ុនចំនួន៤ ដែលចង់បោះទុនវិនិយោគលើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា គឺអញ្ជើញមកពីក្រុមហ៊ុន ដូចជា៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd. និង ៤.ក្រុមហ៊ុន Sam Sn Group៕