ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limited កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រុមហ៊ុន Siemens ត្រូវបានទទួលស្គាល់ថា ជាដៃគូសហការល្អ ដោយរបស់កម្ពុជា និងបានបោះទុនវិនិយោគ ចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពល, អគ្គិសនី, និងសុខាភិបាលនៅកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារៈទំនើប និងបច្ចេកវិទ្យាខ្ពស់ ។
លោកឧបនាយករដ្ឋមន្រ្តី បន្តទៀតថា ពាក់ព័ន្ធវិស័យបច្ចេកវិទ្យានេះ កម្ពុជានឹងបន្តកិច្ចសហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល អំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងចរាចរណ៍ ជាដើម ក្នុងគោលដៅស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុន Siemens មានលទ្ធភាពផ្គត់ផ្គង់ ដោយចាត់ទុកជាផ្នែកមួយដ៏សំខាន់ផងដែរ ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជា៕