លិខិតមិត្តអ្នកអាន៖ អ្នកភូមិសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែងបាននិយាយប្រហាក់ប្រហែលគ្នាថា ពួកយើងខ្ញុំបានដឹងហើយថា លោកឧកញ៉ា ជ័យ (មឹក សុផាន់ណារ៉េត ) បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅប្រទេសវៀតណាម ដោយគ្មានឃើញសមត្ថកិច្ចហ៊ានបង្រ្កាបឡើងយ ហើយសកម្មភាពមេឈ្មួញ សុផាន់ណារ៉េត កាប់នៅខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២ ហើយដឹកជញ្ជូន ចូលក្នុងបរិវេណបាតអាង ឧប្បតិ្តកឲ្យក្លាយទៅជាឈើស្របច្បាប់សមល្មមអាចដឹកចេញទៅលក់នៅក្រៅបាន។
តាមពិតករណីនេះមិនមែនឈើទាំងនោះ សុទ្ធតែ ឧកញ៉ា ជ័យ អាចធ្វើបានតាមតែ ការ នឹកឃើញនោះទេ ដោយសារតែមានការឃុបឃិតពីមន្រ្តីពាក់ព័ន្ធជាប្រព័ន្ធតែម្តង ហើយព្រៃឈើដែលនៅសេសសល់ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ចៀសមិនផុតពីវិនាសសាបសូន្យដោយសារមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នាពេលឆាប់ៗខាងមុខនោះឡើយ។
នៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើ សម្រាប់កាប់ ធ្វើអាជីវកម្មបន្តទៀតក៏ដោយក៏មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅសល់ឈើរាប់ពាន់រាប់ម៉ឺនម៉ែត្រគូប ក្នុងឃ្លាំង ដើម្បីត្រៀមដឹកជញ្ជូនចេញទៅស្រុកយួននិងចេញទៅតាមបណ្ដាខេត្តមួយចំនួនជាបន្តបន្ទាប់។
ឈើដែលឧកញ៉ា ជ័យ ដឹកជញ្ជូនចេញពីតំបន់បាតអាង ទំនប់វារីអគ្គិសនី សេសានក្រោម២ គឺដឹកចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសុខស្រួលដែលកន្លងមកអាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិង សមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្យ ឈើខុសច្បាប់ ដែលឈ្មួញដឹក ចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ ផ្ទៃអាងទំនប់ វារីអគ្គិសនី សេសាននោះទេឱ្យជាប់លាប់នោះទេ។
ព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋនិងមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង បាននិយាយតៗគ្នាថា តាមពិតនៅក្នុងផ្ទៃអាងទំនប់វារីអគ្គិសនី សេសានក្រោម២ ទំហំ៣៦.០០០ហិកតា គ្មាននៅសល់ឈើប្រណីតឬឈើប្រភេទលេខ១ សម្រាប់កាប់ធ្វើអាជីវកម្មទៀតនោះទេ ហេតុនេះហើយឈើដែលមេឈ្មួញ លោក ឧកញ៉ា ជ័យ កាប់ដឹកជញ្ជូនចេញ នាពេលបច្ចុប្បន្ន គឺជាឈើនៅខាងក្រៅផ្ទៃ អាងទំនប់វារីអគ្គិសនីទាំងអស់។
សារព័ត៌មាន«ដេលីខ្មែរ»មិនទាន់អាចទាក់ទង សុំការបំភ្លឺពីឧកញ៉ា ជ័យ ដែលរងការចោទថាបានកាប់បំផ្លាញព្រៃឈើ នៅស្ទឹងត្រែងនោះនៅឡើយទេ។
លេខទំនាក់ទំនងនិងការិយាល័យផ្សាយ ៖០៨៧ ៥៧ ១៨ ២៣