ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ពេជ សោភ័ន«ការ​រីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនតែក៏បង្កើតការងារថ្មីៗទៀត»

លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២,នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ថា៖ “ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ”។

ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។

លោក​បណ្ឌិត ពេជ សោភ័ន បានថ្លែងថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយ​សារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។

លោកបណ្ឌិតមានប្រសាសន៍ថា សូម្បីតែនៅកម្ពុជាបច្ចុប្បន្ននេះក៏មានការផ្លាស់ប្តូរដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះដែរ ដូចជាការផ្តល់សេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារ និងសំបុត្រយន្តហោះជាដើម។

លើសពីនេះលោកអះអាងថា កត្តានេះនាំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែការទុនវិនិយោគត្រលប់ទៅប្រទេសអភិវឌ្ឍដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម រ៉ូបូត និងបញ្ញានិម្មិតជំនួសឱ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។

ជាការពិតហើយថា នឹងមានការងារខ្លះនឹងត្រូវបានបំផ្លាញ និងបាត់បង់ ពេលដែលក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាថ្មីទាំងនេះ មកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីទាំងនេះ ក៏នឹងចូលរួមចំណែកផងដែរក្នុងការបង្កើតការងារថ្មីៗកាន់តែល្អ មានផលិតភាព និងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ ដូចនៅក្នុងប្រវត្តិ​សាស្រ្តនៃបដិវត្តន៍ឧស្សាហកម្មនានា ក្នុងពេលកន្លងមក។

ក្នុងបរិបទដែលខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និងពិភពការងារមានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីរត់ដេញតាម ហើយអ្នកដែលនឹងឈានទៅទទួលបានជោគ​ជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗ ដែលកំពុងលេចរូបរាងឡើង និងអនុវត្តការសិក្សាពេញមួយជីវិត ដើម្បីឈានទៅចាប់យក និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញចាំបាច់ជាបន្តបន្ទាប់ឥតដាច់ ដើម្បីអាចឆ្លើយតបទាន់ការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងទីផ្សារការងារ។

ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សដែលផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតមួយ។

លោករដ្ឋមន្ត្រីស្តីទីបានបន្តថា ដើម្បីចូលរួមអនុវត្តឱ្យសម្រេច​ជោគជ័យនូវអាទិភាពខាង​លើនេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែន​ការយុទ្ធ​សាស្ត្រ​​​អភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែល​បាន​កំណត់ «ការធ្វើទំនើប​កម្ម​ប្រព័ន្ធ​អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជា​ជីវៈ»ជា​យុទ្ធសាស្ត្រគន្លឹះមួយដើម្បី​កសាងបាននូវកម្លាំងពល​កម្មដែលមានជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ គំនិតឆ្នៃប្រ​ឌិត និងភាពប្រកួតប្រជែងខ្ពស់ និងសម្រេចឱ្យ​បាននូវ​គោល​ដៅ «យុវ​ជ​ន​ម្នាក់មាន​ជំនាញមួយយ៉ាងតិចប្រចំាជីវិត»។

រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់៥​វិស័យ​រួមមាន សំណង់ មេកានិក ធុរកិច្ច ICT អគ្គិសនី និងកម្មន្តសាល ព្រមទាំងរៀប​ចំ​ដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាពនិងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណ​កម្មអ្នកបានទទួលការប​ណ្តុះបណ្តាលគ្រប់ប្រភេទ​ទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៕