ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់បាន៩៣%ហើយ នឹងដាក់ឱ្យ ប្រើប្រាស់សាកល្បងមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ - PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូនេះ។
...








