សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះទេ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីនេះ បន្ទាប់ពីក្រុមប្រឆាំងតែងតែរិះគន់ និងចាក់ឱ្យរាជរដ្ឋាភិបាលឆ្លើយតបជាមួយខ្លួនដោយលើកយកបញ្ហាព្រំដែនមកនិយាយនៅលើបណ្តាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការស្រឡាញ់ជាតិ អ្នកណាក៏ស្រឡាញ់ ហើយកូនខ្មែរត្រូវតែព្រួយបារម្ភ ប៉ុន្តែសកម្មភាព និងការស្រឡាញ់មិនត្រូវឱ្យមានការបែកបាក់ជាតិដែលជាកត្តាធ្វើឱ្យបាត់បង់។ សម្តេចធិបតីបានលើកឡើងថា បញ្ហាព្រំដែន ត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយការចរចា ហើយការការពារជាតិ មិនមែនជាការស្រែកតាមហ្វេសបុកនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីអះអាងថា រាជរដ្ឋាភិបាល មិនឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែនរាជរដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណ ភាពទឹកដីនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «រដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការ ដើម្បីការពារ កសាង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍ ប្រទេសរបស់យើង លើកកម្ពស់ជាតិយើង លើឆាកអន្ដរជាតិនោះទេ យើងធ្វើរាល់ថ្ងៃ»។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា អ្វីដែលរាជរដ្ឋាភិបាលបានកំពុងធ្វើគឺទី១. ការចរចា បោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់។ ទី២.ការជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅលើដី ដែលបានដោះគ្រាប់មីនរួចហើយ ការអភិវឌ្ឍ ការធ្វើផ្លូវ។ ទី៣. ធ្វើអ្វីតាមផ្លូវច្បាប់ និងរក្សាអ្វីដែលកំពុងមាន ដោយមិនឱ្យបាត់ បង់។ សម្តេចធិបតីបានអះអាងទៀតថា ទោះបីជារាជរដ្ឋាភិបាលមិនបានឆ្លងឆ្លើយតាមហ្វេសប៊ុក មិនមានន័យថារាជរដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍប្រទេសលើកកម្ពស់ជាតិនៅលើឆាកអន្តរជាតិនោះទេ។ សម្ដេចធិបតីបានមានប្រសាសន៍ឱ្យដឹងថា៖ «ថ្ងៃនេះក៏យើងធ្វើដែរ គឺយើងពង្រឹងធនធានមនុស្ស ពង្រឹងភាពជាម្ចាស់ការរបស់ប្រទេស ពង្រឹងភាពជាម្ចាស់ការអធិបតេយ្យភាព កំណត់ជោគវាសនាខ្លួនឯង ។ នេះហើយយើងធ្វើរាល់ថ្ងៃ ស្រឡាញ់ជាតិ គឺយើងធ្វើបែបនេះ»។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា៖ «យើងមិនចាំតែមួយថ្ងៃៗលើកគ្រវីទង់ជាតិស្រែកជេរគ្នា ប្រឆាំងនេះប្រឆាំងនោះ គឺមិនចាំបាច់ទេ ដោយមករួមគ្នាធ្វើការវិញល្អជាង»៕ ដោយ៖ ប៊ុនរិទ្ធ AKP