ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី៖ សាទរកម្ពុជា ជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

លោក ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានលើកឡើងថា សាទរកម្ពុជា គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ នេះបើតាមបញ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី។

លោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួរឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣ ០០០ នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិត បុរាណ និងសហសម័យ ល្បែងកម្សាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានី-ខេត្ត និងការប្រគំតន្រ្តី ការសម្ដែងសិល្បៈចម្រុះដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្ល ងឆ្នាំសកលជាមួយ ការបាញ់កាំជ្រួចផងដែរ។ ឯឧត្តមឧបនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា៖ «ជួបគ្នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទៀបភ្លឺ»។

លោកឧបនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សន្តិភាព ពិបាករក តែងាយបំផ្លាញ ហើយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី ២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើង បានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មាន ជាង៥ស តវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតថេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី ខណៈការស្វែងរក សុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្ដីបានបន្តថា ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃ១៨ មីនា១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេងដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។ លោកបានរម្លឹកផងដែរថា ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះ អាយុជីវិតប្រជាជនបានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យពូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។

បើតាមលោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេ ហាជាតិនៅទិសនានា ក៏មិនមានរណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ០២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ ទន្ទឹមនេះ មូលដ្ឋាននៃការរស់រានមាន ជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួមផ្សះផ្សាជាតិ រួមមាន ជំនួប សីហនុ-ហ៊ុន សែន លើកទី១ រហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា បើទោះបីពាក្យ «សន្តិភាព» ត្រូវបានចារិកជាលើកដំបូងក្នុងលិខិតូបករណ៍ គតិយុត្តនេះក្តី ក៏យើងត្រូវរង់ចាំជិត ១០ឆ្នាំទៀតដើម្បីស្គាល់រសជាតិពិតប្រាកដ នៃសុខសន្តិភាព ពេញលេញ ពោលគឺលែងមានតំបន់ផ្តាច់ខ្លួន លែងមានក្រុមឧទ្ទាមក្រៅច្បាប់។ លោកបានបន្ថែមថានយោបាយ ឈ្នះ ឈ្នះ គឺជាអ្នកបិទទំព័រដ៏ជូរចត់បំផុតនៃ ប្រវត្តិសាស្រ្ត ហើយបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើបថ្មី ដែលយើងទាំងអស់គ្នាកំពុងទទួលផលផ្លែផ្កានេះ។ លោកឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា បទពិសោធន៍នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ គឺជាការបង្កើតឡើង ដោយគំនិតប្រាជ្ញាកូនខ្មែរ ហើយសម្រេចបានជោគជ័យដោយខ្មែរគ្រប់ភាគី ដោយគ្មានការបង្ហូរឈាម និងដោយប្រើពេលខ្លីបំផុត។ សមិទ្ធផលដ៏អច្ឆរិយៈដែលកម្ពុជាសម្រេចបានដោយខ្លួនឯងនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាសក្ខីភាពសត្យានុម័តមួយ មិនអាចប្រកែកបាន ឡើយ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្នុងស្មារតីចងចាំនូវគុណូបការៈនៃការស្វែងរកសុខសន្តិភាពពេញលេញនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាបុណ្យជាតិ របស់កម្ពុជា។ លោកឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងជាយុវជនជំនាន់ក្រោយ និងជាអ្នកបន្តវេនត្រូវដកស្រង់បទពិសោធន៍ និងរៀនសូត្រនៅពេលនេះ គឺការយល់ពីតម្លៃដ៏ជ្រាលជ្រៅនៃពាក្យ សន្តិភាព ដែលមិនត្រឹមតែជាការនិយាយចេញពីមាត់នោះទេ។ សន្តិភាពដែលយើងបានស្គាល់រយៈពេល ២៦ឆ្នាំមកនេះ គឺមិនមែនកសាងបានក្នុងរយៈពេលមួយភ្លែតនោះទេ។ ផ្ទុយមកវិញការប៉ុនប៉ងបំផ្លាញសន្តិភាពគឺអាចសម្រេចបានតែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើយើងមិនបានផ្តោតការយកចិត្តទុកដាក់ហើយបណ្តែតបណ្តោយឱ្យទោរទន់ទៅតាមការអូសទាញពីការបញ្ឆេះកំហឹងមួយឆាវ»។

លោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់កូនខ្មែរគ្រប់រូប សូមចងចាំ និងប្តេជ្ញាចិត្តឱ្យមុតមាំថា យើងត្រូវការពារសុខសន្តិភាពដែលវីរបុរសជាតិយើងបន្សល់ទុកឱ្យនេះឱ្យបានឋិតថេរចេរកាលតទៅអនាគត៕ដោយ៖ កន ចំណាន អត្ថបទ៖ ប៊ុនរិទ្ធ AKP