យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋ២នាក់ បានប្តឹងមេធាវីកម្មសិក្សា ឈ្មោះ អុប វីរៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំបើកការស៊ើបអង្កេត ពាក់ព័ន្ធរឿងរ៉ាវ សូកប៉ាន់គេចូលធ្វើមេធាវីតាមមាត្រា៣២។
ពាក្យបណ្តឹងបានរៀបរាប់ថា ស្ត្រីម្នាក់ឈ្មោះ ឡាច រ៉ាវុធ ដែលគេស្គាល់ថា ជាប្រពន្ធរបស់លោក អុប វីរៈ រស់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែងតែដើរនិយាយ ប្រាប់អ្នកជិតខាងថា បើចង់ចូលធ្វើមេធាវី តាមមាត្រា ៣២ ប្តីគាត់អាចជួយបាន ដោយចំណាយត្រឹមតែ ៣ម៉ឺន ទៅ ៥ម៉ឺនដុល្លារ តែប៉ុណ្ណោះ ព្រោះប្តីរបស់ខ្លួនចូលធ្វើមេធាវី ចំណាយអស់តែ ២៥,០០០ ដុល្លារ។
ប្រជាពលរដ្ឋ បានស្នើសុំឲ្យលោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធករណីនេះ ដើម្បីកុំបុគ្គលរូបនេះ ធ្វើអ្វីប៉ះពាល់ដល់ការអនុវត្តច្បាប់ និងជាពិសេសប៉ះពាល់ដល់កិត្តិយសមេធាវីល្អៗដទៃទៀត។
សារព័ត៌មានដេលីខ្មែរ មិនទាក់ទងសុំការបំភ្លឺពីលោកមេធាវីអុប វីរៈ បានទេ ពាក់ព័ន្ធនឹងពលរដ្ឋប្តឹងនេះ។
ក្រុមអ្នកច្បាប់មួយចំនួនបានកត់សម្គាល់ថា បន្ទាប់ពីលោកសួន វិសាល បានឡើងកាន់តំណែងជាប្រធាន គណៈមេធាវីកម្ពុជា ២អាណត្តិមកនេះ ចំនួនមេធាវីស្បថចូលតាមមាត្រា ៣២ ដោយពុំចាំបាច់ឆ្លងកាត់ការប្រលងជ្រើសរើសហាក់មានការកើនឡើង ជាងអាណត្តិរបស់ប្រធានមុនៗ ដែលកំណើនបែបនេះ គឺដើម្បីបំពេញតម្រូវការសេវាផ្លូវច្បាប់របស់ពលរដ្ឋ។
សូមជម្រាបជូនថា លោកមេធាវី អុប វីរៈ មានអត្តលេខ១៦៦៣T ជាមេធាវីកម្មសិក្សា បានស្បថចូលជាសមាជិកនៃគណៈមេធាវីកម្ពុជា តាមមាត្រា៣២ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ និងចាប់ផ្តើមធ្វើកម្មសិក្សានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨៕