ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​​​​អ្នកជំនាញថា​​​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​​​​

លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជា​បាន​ចាត់​ទុកថា ទៅថ្ងៃ​​​​អនាគត​​​​ក្រុង​បាវិត​ខេត្តស្វាយរៀងនឹងក្លាយ​ជាទីក្រុងសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្មជាមិន​ខាន ដោយសារតែ​​​បច្ចុប្បន្ននេះ​​​​​​រាជរដ្ឋាភិបាល​​​​កំពុងតែ​​ពង្រីក​​​​ និង​ត​ភ្ជាប់​​​ហេដ្ឋារចនាសម្ព័ន្ធមាន​​​​​ដូចជា ពង្រីក​​ផ្លូវ​​ជាតិ​​​​​​លេខ១ ពី​​​ចន្លោះ​​​គីឡូម៉ែត្រលេខ​១៥៩ ​​​ដល់លេខ១៦៤ ហើយ​​​បាន​សាងសង់​ជិត​​​ពាក់កណ្តាល​ហើយនៅ​​លើផ្លូវ ៦០​​ ម៉ែត្រ​​ត​ភ្ជាប់​​​ទៅច្រក​​ព្រំដែនបាវិតដែល​ជា​​ចំណុច​​ល្អមួយ​​​ ព្រោះ​​​​​​មានផ្លូវ​​​ក្រវ៉ាត់ព្រំដែនទំហំ៣០ ម៉ែត្រ ​​​​និងភ្ជាប់ផ្លូវ​​​​​​​​​ល្បឿន​លឿនទៀត​​ផង​​។​​​​​

លោក​បា​នមានប្រសាសន៍ថា ​​​ខេត្តស្វាយរៀង​​​នឹងក្លាយជាក្រុងមួយដ៏សំខាន់ ហើយ​​ជា​​​​តំបន់​​ឧស្សាហ​​​កម្ម​​​​ពាណិជ្ជកម្ម ​និងជាកន្លែង​​សម្រាប់​​​ស្តុកទុកទំនិញ​​​ឆ្លងកាត់រវាង​ប្រ​ទេស​កម្ពុជា និងប្រទេសវៀត​​ណាម​​​​ដែល​​ជាច្រកពាណិជ្ជកម្មមួយ​​​ដ៏សំខាន់​​របស់កម្ពុជា​ទៅថ្ងៃ​អនាគត​​។​​

លើសពីនេះអ្នក​ជំនាញបន្ថែម​​​ថា ​​​បច្ចុប្បន្នក្រុងបាវិត​​​មានក្រុងរណបធំៗចំនួន២ គឺទី១ ​ទី​ក្រុង​រណប ​​ហេង ហេង និងទី២ ក្រុងរណប ​​Empire​ ​World និងអគារកាស៊ីណូ អគារ​ពាណិជ្ជកម្ម​​​​​ និង​រោងចក្រ​​ថ្មីៗទៀត​​​​​​​ត្រូវ​​បាន​​បង្កើតឡើងជាហូរ​​ហែផងដែរ។​​​​​

ក្រុមហ៊ុនមកពី​ប្រទេស​​​​ចិន​ចំនួន៣​ក្រុមហ៊ុន​​​បាន​​​​ប្រកាស​សាងសង់​​ទីក្រុង​រណប​នៅ​ក្រុង​បាវិតខេត្តស្វាយរៀង ខណៈដែល​​​ថ្មីៗនេះ​​រដ្ឋាភិបាលកម្ពុជាក៏មានគម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​នៅទីនោះ​​។​​​ ​​ក្រុមហ៊ុន​​ចិន​ចំនួន៣​ បាន​ប្រកាស​បង្កើត​ទីក្រុង​រណប​លើ​ទំ​ហំ​​ប្រមាណ​ ​៨០៣​ហិ​ក​តា​ ​នៅ​ទីក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ​ ​៥០ហិ​ក​តា​ ​​ឈ្មោះ​​ ​OBC​ ​ជា​គម្រោង​បែប​អាជីវកម្ម​អន​ឡាញ​ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ។​​​​​​​

​អ្នកជំនាញខាងលើ​អះអាងថា ​​​ក្រុង​បាវិត​នឹង​មានការ​រីកចម្រើនឆាប់រហ័ស​ដូចគ្នានឹង​ខេត្ត​ព្រះសីហនុ​ ​និង​ក្រុង​ប៉ោយប៉ែត​ ​ដោយសា​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ទីក្រុង​នេះ​ក្នុង​គោល​នយោបាយ​អ​ភិ​វឌ្ឍន័​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​លំដាប់​អន្តរជាតិ​។​

ហេតុផល​មួយដែលអ្នកជំនាញគួរបញ្ជាក់នោះគឺ​​​ ​​កត្តា​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​​គួបផ្សំ​នឹង​គោល​នយោបាយ​អ​ភិ​វ​ឌ្ឈ​ន៍​​និង​លើកទឹកចិត្ត​វិនិយោគ​ដល់​វិនិយោគិន​បាន​និង​កំពុង​ធ្វើ​ឲ្យ​ក្រុង​បាវិត​ទាក់ទាញ​ការ​វិនិយោគ​ជាច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​។

​ក្រុមហ៊ុន​ ​Empire​ ​World​ និង​​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន ២ផ្សេងទៀត​មក​ពី​ប្រ​ទេស​ចិន​នេះ​ ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ថ្មី​ទំនើប​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​អន្តរជាតិ​ ​ដែល​រដ្ឋាភិ​បាល​កម្ពុជា​ក៏បាន​ប្រកាស​គាំទ្រ​ជា​ផ្លូវការ​ ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ ​សុវត្ថិភាព​ ​លើ​ផ្នែក​បច្ចេកវិទ្យា​​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នានា​ដូចជា ​ក្រុមហ៊ុន​កាស៊ីណូ​និង​ល្បែង​ភ្នាល់​តាម​អ៊ី​ន​ធឺ​ណេត​ជាដើម​។​

​​​​ ​​​​​​