រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក។ សមាសភាពសំខាន់ៗចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោក អគ្គនាយករង អន្តោប្រវេសន៍ អគ្គស្នងការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ក្រសួង យុត្តិធម៌ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានកណ្តាលព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន ២៦រូប ។របាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) គឺជារបាយការណ៍មួយដែលមានលក្ខណៈទូលំទូលាយ និងមានគោលបំណងវាយតម្លៃស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនៅទូទាំង១៨៨ ប្រទេស និងដែនដី រួមទាំងសហរដ្ឋអាមេរិកផងដែរ។ អស់រយៈពេលជាងពីរទស្សវត្សរ៍មកហើយ ដែលរបាយការណ៍អំពីការជួញដូរមនុស្សនេះត្រូវបានចងក្រងជាឯកសារអំពីនិន្នាការដែលកំពុងកើតឡើង គូសបញ្ជាក់អំពីវឌ្ឍនភាព និងការធ្លាក់ចុះ និងកំណត់អំពីគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ៕