ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នឹងចុះជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជំនួប​នេះ បានធ្វើឡើងក្នុងគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​ ជួយកាត់បន្ថយថ្លៃដើមផលិត​ បង្កើនប្រាក់ចំនេញ​ និងថ្លៃកសិផលជូនប្រជាកសិករ។

ការប្រជុំនេះ​ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់​ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម​ ផលិតកម្មមានគុណភាពខ្ពស់​ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ​ ការអនុវត្តកសិកម្មល្អ​ទ្រង់ទ្រាយធំ​ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ​ ក្នុងរៀបចំសហគមន៍កសិកម្មទំនើប​ ទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាបូន​ និងទទួលបានប្រាក់ចំនេញខ្ពស់។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថាការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានា​ដូចជាស្ថានទូតអាល្លឺម៉ង់​ អង្គការ(GIZ) ហើយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វើស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ​ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម៕ដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងកសិកម្ម